ចាប់​ជនជាតិ​ឡាវ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​៣០​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​ស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន​នៅ​ចំនុច ព្រំដែន ក្នុង​ខេត្តស្ទឹងត្រែង ជាប់​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ប្រមាណ ៣០ គីឡូក្រាម​។​

​បើតាម​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចាត់តាំង​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ កុប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុ​ក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់យក​វត្ថុតាង រួ​មាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម ។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​បូកសរុប​ការងារ​បង្ក្រាប គ្រឿងញៀន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​“​សមត្ថកិច្ច​ណា​បង្ក្រាបបាន​គ្រឿងញៀន​១​គីឡូក្រាម​យើង​ផ្តល់រ​ង្វាន់​៤០​លាន​រៀល​ស្មើ​១​ម៉ឺន​ដុល្លារ​” ដូច្នេះ​លើក​នេះ​ថ្នាំញៀន​៣០​គីឡូក្រាម​រង្វាន់​ក៏៏​៣០​ម៉ឺន​ដែរ​៕