ប្រធានរដ្ឋសភា​កម្ពុជា​ជួប​ជាមួយ​ប្រតិភូ​ស្ត្រី​ក្នុង ទិវា​អន្តរជាតិ​នារី ៨​មីនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹក​ថ្ងៃទី​៦​មីនា​នេះ​បានទទួល​
​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ស្ត្រី​មួយក្រុម ដែល​ដឹកនាំ​ដោយ​លោកជំទាវ​វេជ្ជ​
​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ដើម្បី​អបអរសាទរ​ខួប​ទី​១០៧ ទិវា​អន្តរ ជាតិ​នារី ៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​” ដោយ​សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា ការជួប​ជុំគ្នា​នៅពេលនេះ​គឺជា​ឱកាស​ដ៏​ល្អ​
​ប្រសើរ​មួយ និង​ប្រកបដោយ​អត្ថន័យ​សម្រាប់​ស្ត្រី​ទាំងអស់ ដើម្បី​រំលឹក​ឡើងវិញ​នូវ​ស្នាដៃ​ដ៏ មហិមា​របស់​ស្ត្រី​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​រួមទាំង​ស្ត្រី​កម្ពុជា​ផងដែរ ដែល​បាន​តស៊ូ លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និង​អាយុជីវិត នៅក្នុង​ការប្រយុទ្ធ​តស៊ូ ដើម្បី​បុព្វហេតុ​ស្ត្រី និង​ដើម្បី​បុព្វហេតុ​របស់​មនុស្សជាតិ​។
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្ថែមថា ថ្ងៃទី​៨ មីនា គឺជា​ទិវា​ដែល​ផ្តល់ កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា ជាពិសេស​បុរស​ត្រូវតែ​បន្ត ជម្រុញ និង​លើកតម្កើង​នូវ​តម្លៃ ឋានៈ តួនាទី និង​សិទ្ធិ​របស់​ស្ត្រី​កម្ពុជា​យើង​ឲ្យ​កាន់តែ​មាន​ភាព ប្រសើរ និង​ថ្លៃថ្លា​ថែមទៀត​។ សម្តេច​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយ​ការ​ណ៌​របស់​រដ្ឋមន្ត្រី ក្រសួង​កិច្ចការនារី ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​យ៉ាង​មោះមុត និង​កិច្ចខិតខំ​ប្រឹងប្រែង យ៉ាងសកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការពារ និង​លើកស្ទួយ​នូវ​តម្លៃ ឋានៈ តួនាទី សិទ្ធិ និង​ជីវភាព​របស់​ស្ត្រី ដែល​ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​ផែនការ​សកម្មភាព នៃ​ទីក្រុង ប៉េកាំង ដែល​បាន​ដាក់ចេញ​នៅក្នុង​សន្និសីទ​ស្ត្រី​ពិភពលោក​លើក​ទី​៤ ឆ្នាំ​១៩៩៥ គោលដៅ អភិវឌ្ឍន៍​សហសវត្ស​រ៍ និងសេចក្តីសម្រេច​លើក​ទី​៨ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ស្តីពី “ ស្ត្រី សុខសន្តិភាព និង​សន្តិសុខ​” ហើយ​ថា ការជ្រើសរើស​ប្រធានបទ
“ ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ ” សម្រាប់​ទិវា​៨ មីនា ឆ្នាំ​២០១៨ នេះ ពិតជា​មាន សារៈសំខាន់ និង​ស្របទៅនឹង​បរិបទ​តំបន់ និង​សកល ជាពិសេស​សម្រាប់​កម្ពុជា​យើង ដែល ជានិច្ចកាល​បានផ្តល់​តម្លៃ​ជា​សារ​វ័​ន្ត​នូវ​តម្លៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​គាំទ្រ​ជំរុញ ឱ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួមទាំង​បុរស ទាំង​ស្ត្រី ដើម្បី​អភិវឌ្ឍ​សង្គម​ឆ្ពោះទៅ​បន្ត​លើកកម្ពស់​សិ​ទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់​ស្ត្រី ព្រមទាំង​សុខុមាលភាព​សង្គម​។ សម្តេច​ថា ជាការ​ពិតណាស់ សន្តិភាព ពិត​មាន សារៈសំខាន់ និង​មិនអាច​ខ្វះ​បាន ហើយ​វា​គឺជា​បំណងប្រាថ្នា​របស់​ទាំងអស់​គ្នា ព្រោះ​បើ​មាន សុខសន្តិភាព គឺមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ក៏​ជា​កាលា​នុ​វត្ត ភាព របស់​ស្ត្រី​ចូល​អភិវឌ្ឍ​សង្គមជាតិ​។ ផ្ទុយទៅវិញ ជម្លោះ និង​អំពើហិង្សា គឺជា​ឧបសគ្គ​ដ៏ ចម្បង​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព​ផ្លូវកាយ និង ផ្លូវចិត្ត​បុគ្គល ជាពិសេស​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដែលជា​ការរំលោភ​សិទ្ធិ​មនុស្ស ហើយ​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ទៅលើ​ស្ត្រី និង​កូន​របស់​ពួកគេ​។ ជាក់ស្តែង សង្គ្រាម​នៅ កម្ពុជា​យើង​ដែល​បានអូសបន្លាយ​អស់​ជាង​បី​ទសវត្សរ៍ បាន​បង្ករ​នូវ​សោកនាដកម្ម​យ៉ាង​ជូរចត់ និង​បន្សល់ទុក​នូវ​ក្តី​ទុក្ខវេទនា និង​ការលំបាក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​កម្ពុជា ដោយ​ធ្វើឱ្យ​ស្ត្រី​ជា ច្រើន​សែន​នាក់​ត្រូវ​វិនាស ព្រាត់ប្រាស​គ្រួសារ សាច់ញាតិ បងប្អូន និង​មិត្ត​ភ័​ក្រ ហើយ​បាន ក្លាយខ្លួនជា​ស្ត្រី​មេម៉ាយ និង​រស់ក្នុង​សភាព​ក្រីក្រ ទុរគត និង​ភ័យខ្លាច រក​អ្វី​មក​ប្រៀបផ្ទឹម ពុំបាន​ឡើយ​៕​