កម្ពុជា គ្រោង​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច និង​កំពង់ផែ​ទឹក​ជ្រៅ​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​ព្រះសីហនុ ៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សំលឹងមើល​ការបង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ក្នុង​តំបន់​ប៉ែក​ឥ​សាន្ត រួម​និង​គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយទៀត នៅក្នុង​ស្រុក​ស្ទឹ​ហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា ៖៖ លោក វ៉ាន់ ១​មករា រាយ​ការ​ណ៌​លំអិត​ព័ត៌មាន​នេះ …. (​រូប​MC បើក​ក្បាល នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​ខណៈដែល​នាពេល​បច្ចុប្បន្ន ប្រទេស​កម្ពុ​ជាមាន​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ចំនួន​៣ រួចមកហើយ​ដែល​ស្ថិតនៅក្នុង​ក្រុងភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។ ប៉ូល​សេដ្ឋកិច្ច​ទាំង​៣​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់ថា​ជា​តំបន់​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយសារ​តំបន់​ប៉ូល​ទាំង​៣​នេះ មាន​សក្តានុពល​ពិសេស​ផ្សេងៗ​ពីគ្នា ដូចជា​លើ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរ​ណ៌ វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ជាដើម​។ ក្នុងជំនួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ២​ម៉ឺន​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៣ ខែមីនា កន្លងមកនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​នឹង​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​ស្ថិតនៅ​តំបន់​ប៉ែក​ឥ​សាន្ត គឺ​រួមមាន​ខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង និង​ព្រះវិហារ ដោយសារ​ខេត្ត​ទាំងនោះ មាន​សក្តានុពល​លើ​វិស័យ​កសិឧស្សាហកម្ម ដូចជា​កៅស៊ូ និង​ដំណាំ​ផ្សេងៗ​ទៀត​ជាច្រើន​។ ទ​ន្ទឺ​ម​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បង្ហើប​ពី​គម្រោង​សាងសង់ កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត នៅក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ចិន ខណៈដែល​បច្ចុប្បន្ន ខេត្ត​នេះ​កំពុង​ពង្រីក​សមត្ថភាព​កំពង់ផែ​ទឹក​ជ្រៅ​ខ្នាត​អន្តរជាតិ​មួយ​រួចទៅហើយ ដែល​នឹង​អាចអោយ​នាវា​ដឹកទំនិញ​ធំៗ ចូល​ចត ដល់​កំពង់ផែ​នេះ ផ្ទាល់​តែម្តង​។

​ដូចនេះ នឹង​ធ្ចើ​អោយ​តម្លៃ​ដឹកជញ្ជូន​ត្រូវបាន​កាត់បន្ថយ​សម្រាប់​ការផ្លាស់ប្តូរ​ទំនិញ​រវាង​បរទេស និង កម្ពុជា ៖ (​សម្លេង​ដើម​សម្តេច នាទី​១៩…​គម្រោង​សាងសង់​កំពង់ផែ​ស្ទឹងហាវ និង​ខេត្តកំពត​…) តាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បានអោយដឹងថា ទំនិញ​សំខាន់ៗ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៧០​ភាគរយ គឺ​ត្រូវ​ដឹកជញ្ជូន​តាម​កំពង់ផែ​ក្រុងព្រះសីហនុ​។ ដូចនេះ នៅពេល​កម្ពុ​ជាមាន​កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​អន្តរជាតិ​បន្ថែមទៀត​នឹង​រឹតតែ​ធ្វើអោយ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា កាន់​តែមាន​សមត្ថភាព​ខ្លាំង​។ គួ​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាត់ទុកថា ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែឡ​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​។ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដែល​កំពុងដំណើរការ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​។

​តាម​គម្រោង​ដែល​ប្រកាស​នាពេល​ថ្មីៗ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត ដែលមាន​តម្លៃ​ជាង​១៦​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ នា​ឆ្នាំ​២០១៩​ខាងមុខ ក្នុងស្រុក​ស្ទឹងហាវ​។ ចំពោះ​គម្រោង​អភិវឌ្ឍ​ន៌​ទាំងនេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ យល់ឃើញថា ជា​រឿង​ល្អ ដែល​នឹង​អាចបង្កើត​ការងារ​ក្នុងស្រុក​បាន​ច្រើន ជាជាង​ការធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅក្រៅ​ប្រទេស ៕​