ដីព្រៃ​ដែល​ដកហូត​ពី​ក្រុមហ៊ុន ជាំ លី ត្រូវ​មន្ត្រី​ស្រុក​អណ្ដូង​មាស យក​ធ្វើ​កម្ម​សិទ្ធី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​ខេត្តរតនគិរី ៖ ដីព្រៃ​របស់​រដ្ឋ ដែល​បាន​ដកហូត កាត់​ចេញពី​ក្រុមហ៊ុន ជាំ​ង លី ក្នុងអំឡុង​ឆ្នាំ​២០១៧ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​អណ្ដូង​មាស ឃុបឃិត​គ្នា​ជា​លក្ខណៈ​ព័ន្ធ ជាមួយ​មន្ត្រី​ជំនាញ ឈូសឆាយ​ចែកគ្នា ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។

ដីព្រៃ​កាត់​ចេញពី​ក្រុមហ៊ុន ជាំ​ង លី ដែល​គេ​លួច​ឈូសឆាយ​នោះ ស្ថិតក្នុង​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ដែលជា​ដីព្រៃ​របស់​រដ្ឋ​កាត់ចេញ​ពី​ក្រុមហ៊ុន ជាំ​ង លី កាលពី​ឆ្នាំ​២០១៧ ។ ហើយ​ត្រូវ​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ស្រុក​អណ្ដូង​មាស​ចុះ ឃាត់​បាន​ទាំង​ភស្ដុតាង​គ្រឿងចក្រ ៣​គ្រឿង អា​អ៊ិ​ច​អេស្កាវ៉ាទ័រ ពណ៌​លឿង​មួយគ្រឿង .​អា​ប៊ុល ពណ៌​លឿង​ពីរ​គ្រឿង កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨ នោះ បច្ចុប្បន្ន គ្រឿងចក្រ​ទាំងបី​គ្រឿង កំពង់​ធ្វើ​សកម្មភាព​ឈូសឆាយ ដុត​ដីព្រៃ​នៅ​តំបន់​យ៉ាង​រង្គៀល​។​

បើតាម​ប្រភពពី​មន្ត្រី​ស្រុក​អណ្ដូង​មាស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជាំ​ង លី មាន​ផ្ទៃដី​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ១៩០០​ហិតា ស្ថិតក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ចាប់តាំងពី​ក្រុមហ៊ុន​នេះ ធ្វើ​វិនិយោគ​លើ​ផ្ទៃ​នេះ​ច្រើន​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​ផ្ទៃដី​ដាំ​ដុះ​ដើម​កៅស៊ូ​បាន តែ​២០០​ហិតា​តែប៉ុណ្ណោះ​។ ដូច្នេះហើយ​រាជរដ្ឋាភិបាល បានសម្រេច​កាត់ចេញ​១៧០០​ហិតា ទុក​តែ​ដី​មាន​ដំណាំ​កៅស៊ូ​២០០​ហិតា​ឲ្យ​ក្រុមហ៊ុន​។ ដោយឡែក​មន្ត្រី​ក្នុងស្រុក​អណ្ដូង​មាស​មួយចំនួន ដឹង​ហេតុការណ៍​នេះ​ច្បាស់ ក៏​ឈ្លាត​ឳ​កាស​ឃុបឃិត​គ្នា យក​គ្រឿងចក្រ មក​ដាក់​ឈូសឆាយ​ព្រៃ​យក​ដី​ចែកគ្នា​កាន់កាប់ ដោយ​ខុសច្បាប់​។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក ខេន សានី​ត អភិបាលស្រុក​អណ្ដូង​មាស​ថា បន្ទាប់ពី​មាន​ករណី​ខាងលើនេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​មន្ទីរ​កសិកម្ម ចុះមក​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​ស្រុក ធ្វើការ​ហាមឃាត់​និង​ចាប់​ឃាត់​គ្រឿងចក្រ​ចំនួន ៣​គ្រឿង នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨​។ លោក​បាន​បន្តថា នៅក្នុង​ខែមករា ឆ្នាំ​២០១៨ ដដែល ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ចុះមក​ឲ្យ​ជនល្មើស​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការរានដី​ព្រៃ​នេះ​ម្ដង​ទៀ ក៏ប៉ុន្តែ​រហូតដល់​ពេល​នេះ​លោក​មិន​បានដឹង​ទេ​។​

ជុំវិញ​ករណី គ្រឿងចក្រ ៣​គ្រឿង ដែល​ខាង​មន្ទីរ​កសិកម្ម និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះទៅ​ចាប់​ឃាត់​រក្សាទុក​នៅ​កន្លែង​ដដែល ហើយ​គ្រឿងចក្រ​បន្តសកម្មភាព​ឈូសឆាយ​យក​ដី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការ​បំ​ភ្លឺំ​ណាមួយ​ពី​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក​៕​