ត្រូវ​តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្តី​លោក កឹម សុខា នៅ​ថ្ងៃទី​៩ មីនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​លិខិតអញ្ជើញ​មេធាវី បង្ហាញថា សវនាការ​នេះ ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញារង ជា​តំណាង​មហាអយ្យការ ។

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​។ ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕​