លោក កែ​វ រេមី ប្រាប់​អ្នករាយការណ៍​ពិសេសរបស់ UN រឿង​សិទ្ធិមនុស្ស​នៅ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងជំនួប​ប្រមាណ​ជា​១​ម៉ោង​កន្លះ នាទី​ស្នាក់ការ​កណ្ដាល​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៨​នេះ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ជម្រាបជូន​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថា ការធ្វើវិសោធកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​បន្ថែម​ទោស លើ​ការប្រមាថ​ព្រះមហាក្សត្រ គឺជា​រឿង​ធម្មតា​ដូច​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែរ មិន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។​

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ជម្រាបជូន​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថា ការធ្វើវិសោធកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​បន្ថែម​ទោស លើ​ការប្រមាថ​ព្រះមហាក្សត្រ​គឺជា​រឿង​ធម្មតា​ដូច​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែរ មិន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ ការ​ជម្រាបជូន​នេះ គ្រា​ដែល​ឯកឧត្ដម​កែវ រ៉េមី បានអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត និង​គណៈប្រតិភូ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្នាក់ការ​កណ្ដាល​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៨​នេះ​។

​បន្ទាប់ពី​ជំនួប​ប្រមាណ​ជា​១​ម៉ោង​កន្លះ​រួចមក លោក កែវ រ៉េមី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា ក្នុងជំនួប​នេះ​លោកស្រី​រ៉ូ​ណា ស្មី​ត បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បន្ថែម​ទោស លើ​ការប្រមាថ​ព្រះមហាក្សត្រ ថា នឹង​អាចធ្វើ​ប៉ះពា​ដល់​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឆ្លើយតប ថា ការធ្វើ​វិសោធនកម្ម​នូវ​ច្បាប់​នានា​ក្នុងប្រទេស​កម្ពុជា មិនមាន​អ្វី​ប្លែក​នោះទេ គឺ​ដូច​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែរ ហើយក៏​មិនមាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​នោះដែរ​។​

សូម​ជម្រាប ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ចំពោះ​បទ​ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ ព្រមទាំង​ច្បាប់​ធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​នៃ​មាត្រា​មួយចំនួន ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

យ៉ាងណាក៏ដោយ ក្នុងជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​អ្នក​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មិនបាន​លើកឡើង​អំពី​បញ្ហានយោបាយ ការចាប់ខ្លួន​លោក កឹម សុខា ឬ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ គឺ​លោកស្រី​គ្រាន់តែ​ព្រួយបារម្ភ ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​២​នេះ​ប៉ុណ្ណោះ​៕​