គម្រោង​សណ្ឋាគារ​ថ្មី​មួយ​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018

ព្រះសីហនុ ៖ ​ស្របពេល​កំណើន​ភ្ញៀវទេសចរ ទៅកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន និង​កំណើន​វិនិយោគិន​បរទេស ក្នុង​ទឹកដី​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​មួយ​ក៏​កាន់​តែមាន​សន្ទុះ​ខ្លាំង ការវិនិយោគ​លើ​វិស័យ​អចលនវត្ថុ និង​អាជីវកម្ម​ផ្សេងៗ ត្រូវបាន​គេ​មើលថា​កំពុង​តែមាន​សកម្មភាព​សាងសង់​ជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា​គម្រោង​សង់​អគារ​ការិយាល័យ ខុន​ដូ និង​សណ្ឋាគារ ជាដើម ។ ជាក់ស្ដែង​គម្រោង​សាងសង់​សណ្ឋាគារ​មួយ ដែលមាន​៤៥២​បន្ទប់ ត្រូវបាន​ប្រកាស​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៥ មីនា ២០១៨ កន្លងទៅនេះ ។

​បើតាម​លោក​ឧកញ៉ា តាំង គួ​ង អគ្គនាយក​ក្រុមហ៊ុន​តាំង គួ​ង​គ្រុប និង​ជា​ម្ចាស់​ភាគហ៊ុន​គម្រោង​សណ្ឋាគារ ជី​ង កាន ក្នុង​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា សណ្ឋាគារ​ជី​ង​កាន ត្រូវបាន​សាងសង់ឡើង ដោយ​ជាប់​ជាមួយនឹង​អគារ​ការិយាល័យ និង​អគារ​ស្នាក់នៅ​រួម ។ គម្រោង​អគារ​ទាំងនេះ ត្រូវបាន​ចែកចេញជា​៤ អគារ មាន​ទំហំ​សាងសង់​សរុប​៣២​ពាន់​៣០៦​ម៉ែត្រការ៉េ លើ​ផ្ទៃដី​សរុប ១៦​ពាន់​៦៨១​ម៉ែត្រការ៉េ ។

​លោក​ឧកញ៉ា​បន្តថា​ក្រុមហ៊ុន​ជី​ង​កាន នឹង​បង្កើតអោយមាន​ការងារ​ធ្វើជា​អចិន្ត្រៃយ៍​ជូន​ប្រជាពលរដ្ឋ​រហូតដល់​១​ពាន់​នាក់ ដើម្បី​ជា​ចំណែក​មួយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ជួយ​កសាង​ប្រទេសជាតិ និង​បង្កើត​ធនធានមនុស្ស​ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់​តែម្ដង ។

លោក ​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ រង​កងទ័ពជើងគោក និង​ជា​នាយរង​សេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះដែរ​បាន​មានប្រសាសន៍ថា សេដ្ឋកិច្ច​នៃ​ប្រ​ទស​ជាតិ​មួយ អាចមាន​លំនឹង និង​រីកលូតលាស់​ទៅបាន គឺ​អាស្រ័យ​លើ​កត្តា​ច្រើនយ៉ាង ដែល​ក្នុងនោះ​វិស័យ​វិនិយោគឯកជន គឺជា​ផ្នែក​មួយ​ដែល​ត្រូវតែ​ជំរុញ និង​មិនអាច​ខ្វះ​បាន ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន ។ កត្តា​ទាំងនេះ នឹង​មិនអាច​កើតឡើង​បានដែរ បើសិនជា​ប្រទេសជាតិ​ធ្លាក់​ក្នុងស្ថានភាព​អសន្តិសុខ និង​បាត់បង់​នូវ​ស្ថេរភាព​សង្គម ។

លោក ​បន្តថា ទន្ទឹមនឹង​សេដ្ឋកិច្ចពិភពលោក ស្ថិតក្នុង​បរិយាកាស​ល្អប្រសើរ និង​ប្រកបដោយ​ការប្រកួតប្រជែង កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​លើ សកលលោក​ផងដែរ បាននិងកំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ធ្វើយ៉ាងណា បង្ក​ឱកាស​និង​លទ្ធភាព​អំណោយផល​គ្រប់យ៉ាង សំដៅ​ភាព​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​បាន​កាន់តែ​ល្អប្រសើរ ។ ជាក់ស្ដែង​ក្នុង​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៤ លើ​ពិភពលោក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​យ៉ាងសកម្ម ។

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ធំៗ​ជាច្រើន បាននិងកំពុង​វិនិយោគ និង​បណ្ដាក់ទុន​រកស៊ី​លើ​វិស័យ​សំណង់ វិស័យ​កសិកម្ម រោងចក្រ សិប្បកម្ម​កែច្នៃ ផលិតផល​សម្រេច និង​ពាក់កណ្ដាល​សម្រេច វិស័យ​រោងចក្រ​កាត់ដេរ វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្ហាញថា ក្នុង​ខេត្ត​នេះ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​ចំនួន ៣ រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​អ៊ែត​វូត ស្រុក​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៕