ស្តាប់​ខ្មាន់កាំភ្លើង​និយាយ​ពី​ករណី​បាញ់ ប្រហារមនុស្ស​ប្រុស​ស្រី​ក្នុង​រថយន្ត​នៅ​សង្កាត់​ទឹកថ្លា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2018 ក+ ក-

​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង​មក​នាក់​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​ប្រុស​ស្រី​២​នាក់ នា​ពាក់​កណ្តាលអធ្រាត្រ យប់​ម៉ោង​១២​និង​៣០​នាទី ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​ជួល​នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សូម​រំលឹកថា ហេតុការណ៍​បាញ់ប្រហារ​មួយ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ រហូតដល់ ផ្ទុះ​ការ​ងើ​ង​ឆ្ងល់ ពី​សំណាក់​មហាជន ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​គ្រប់គ្នា​ចងដឹងថា មូល​ហេតុអ្វី​ទើបបានជា មានការ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​នេះ​កើតឡើង រហូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​០២​នាក់​រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទី​១៖ ឈ្មោះ សិង វិ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ បាន​រងរបួស​ចំនួន​០៣​គ្រាប់ (​ចំ​ស្មា​ខាងស្តាំ​ចំនួន​០២​គ្រាប់ និង កំភួនដៃ​ខាងឆ្វេង ០១​គ្រាប់​) និង​ជនរងគ្រោះ​ទី​២៖ ឈ្មោះ គង់ វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​រងរបួស​ចំនួន​០១​គ្រាប់ ( ចំ​ស្មា​ខាងស្តាំ )​។​

​បន្ទាប់ពី​គេចខ្លួន​អស់​រយៈពេល​៥​ថ្ងៃ ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង បាន​ចូលមក​សារភាព​កំហុស​ខ្លួន ដើម្បី​ទទួលទោស​តាមច្បាប់ នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៨​។​
​តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​បាន​រៀបរាប់ថា រូបគេ​មានឈ្មោះ ប៊ុន តេង កើត​ឆ្នាំ​១៩៨៦ មានមុខរ​បរជា​យោធា ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ T53A ផ្លូវ​W23C7 សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃកើតហេតុ​រូបគេ ពិតជា​បាន​បាញ់ប្រហារ លើ​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ពិតប្រាកដ​មែន ដោយ​ប្រើប្រាស់​អាវុធខ្លី​០១​ដើម ម៉ាក BERATA តែ​ការបាញ់ប្រហារ​នោះ គឺ​ព្រោះតែ​មានការ​ភ័ន្តច្រឡំ​ប៉ុណ្ណោះ​។​

​ជនដៃដល់​បាន​រៀបរាប់​បន្តទៀតថា រូបគេ​ជាមួយ​ជនរងគ្រោះ​ទាំង​០២ គឺជា​មនុស្ស​ស្គាល់គ្នា​ប្រហែល​កន្លះ​ឆ្នាំ​មកហើយ តាមរយៈ​ការផឹកស៊ី​ជាមួយ​មិត្តភក្តិ តៗ​គ្នា​។ នៅមុន​ថ្ងៃកើតហេតុ​គឺ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រូបគេ​រួមជាមួយ​មិត្តភក្តិ សរុប​មាន​គ្នា ០៨​នាក់ បាននាំគ្នា​ចូលរួម​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ រី​វើ​ឡែ​ស ព្រែកលាប​។ ក្នុងអំឡុងពេល​ផឹកស៊ី រូប​ខ្លួន​(​ជនដៃដល់​) និង​មិត្តភក្តិ ឈ្មោះ ប៊ី បាន​ទាស់សម្តី​គ្នា រហូតដល់​រូប​ខ្លួន​(​ជនដៃដល់​) បាន​វាយ​ឈ្មោះ ប៊ី មួយ​ដៃ បណ្តាល​ឲ្យ​ជ្រុះ​អាវុធខ្លី​របស់ខ្លួន ហើយក៏​ត្រូវបាន​មិត្តភក្តិ​ផ្សេ​ត​ទៀត​ជួយ​ឃាត់​។ ភ្លាមនោះ​ឈ្មោះ ពេជ្រ សាឡ​ន បាន​រើសយក អាវុធខ្លី​ហ៊ុ​ចមក​ឲ្យ​ខ្លួន​វិញ ហើយ​ក្រោយមក​កម្មវិធី​ត្រូវបាន​បញ្ចប់ រូប​ខ្លួន​(​ជនដៃដល់​) ក៏បាន​ជិះ​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6967 ជូន​ឈ្មោះ​សម្បត្តិ និង ឈ្មោះ ប៊ី ទៅផ្ទះ​រៀងៗ​ខ្លួន ។​

​លុះ​ស្អែក​ឡើង​ថ្ងៃទី​២៥ រូប​ខ្លួន​(​ជនដៃដល់​) បាន​បាត់បង់​កាំភ្លើង​អស់​០១ ក៏​ជិះ​រថយន្ត​ទៅផ្ទះ​ឈ្មោះ ពេជ្រ សាឡ​ន ដើម្បី​សួររក​បង់​កាំភ្លើង តែ ពេជ្រ សាឡ​ន បាន​ប្រាប់ថា​មិនឃើញ ទើប​ខ្លួន​គិតថា ប្រ​ហែ​ជា​ធ្លាក់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ភ្លាមនោះ​ខ្លួន​ក៏​បើករថយន្ត​ទៅ សួរ​ដល់​បន្ទប់​ខារ៉ាអូខេ តែ​គេ​ប្រាប់ថា បានឃើញ​មនុស្ស​ស្រី​ម្នាក់​យកចេញ​ក្រៅ​បាត់ទៅហើយ ហើយ​ខ្លួន​ក៏​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ជូន​ប្រពន្ធ ទៅ​កម្មវិធី​ឡើងផ្ទះ​បងប្អូន នៅ​ផ្សារ​ដី​ហ៊ុយ​។ រហូតដល់​ម៉ោង​ប្រហែល ២៣​យប់​ថ្ងៃទី​២៥​ដដែល ខ្លួន​បាន​ត្រឡប់​មកពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​វិញ ខ្លួន​ក៏បាន​បើករថយន្ត​ទៅផ្ទះ​ពេជ្រ​សាឡ​ន​ម្តងទៀត ក្នុង​គោលបំណង​ទៅ​សួររក​បង់​កាំភ្លើង​ដែល​បាត់ តែ​ពេលទៅដល់​មុខផ្ទះ ពេជ្រ សាឡ​ន ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក TACOMA​មួយគ្រឿង ដែលមាន​ជនរងគ្រោះ ឈ្មោះ គង់ វិ​ន ហៅ វ៉ែនតា ជិះ​ជាមួយ ឈ្មោះ សិង វិ​ន ហៅ ភ័​ស្ត ឈប់​ក្បែរ​ផ្ទះ ពេជ្រ សាឡ​ន ខ្លួន​ក៏​អែប​រថយន្ត​ទៅ​ឈប់​ទន្ទឹមគ្នា និង​ចុច​កញ្ចក់​រថយន្ត​ចុះ​ដូចគ្នា ហើយ​ខ្លួន​ក៏​សួរ​ទៅ​ឈ្មោះ​វ៉ែនតា​ថា បានឃើញ​បង់​កាំភ្លើង​របស់ខ្លួន​ឬ​អត់​? ស្រាប់តែ​ឈ្មោះ គង់ វិ​ន ហៅ វ៉ែនតា មិន​ព្រម​ឆ្លើយតប និង​លើក​អាវ​ឡើង ទើប​ខ្លួន​នឹក​ក្នុង​ចិត្ត​ថា ប្រហែល​គេ​ខឹង​ហើយ​ដក​កាំភ្លើង​បាញ់​រូប​ខ្លួន ខ្លួន​ក៏​ដក​កាំភ្លើងខ្លី​បាញ់​ពួកគេ​មុន​អស់​ចំនួន​០៥ គ្រាប់ រួច​គេចខ្លួន​ទៅផ្ទះ​តែម្តង លុះ​ព្រឹក​ឡើង​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បី​លាក់ខ្លួន​តាម ព្រំដែន​។ ក្រោយមក ដោយបាន​ដឹងថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ស្រាវជ្រាវ​ស៊ើបអង្កេត ជា​បន្តបន្ទាប់ យ៉ាង​ប្រកិតៗ ទើប​ខ្លួន​សម្រេចចិត្ត ចូលមក​សារភាព​តែម្តង​។​

យ៉ាងណាក៏ដោយ ករណី​បាញ់ប្រហារ​នេះ មិន​ត្រូវបាន​ទម្លាយ​ពីអ្វី​ដែលមាន​ការផ្សព្វផ្សាយ​នាពេល​កន្លងមក​ថា ជា​ករណី​ប្រច័ណ្ឌ​លើ​នារី​ម្នាក់​(​នារី​រងគ្រោះ​)​ដែលជា​សង្សារ​ចាស់​នោះទេ​៕