យុវជន​ជាង​២​ពាន់​នាក់​ចូលរួម​កម្មវិធី​រត់​ជា​គូ​ក្នុង​សកម្មភាព​មនុស្សធម៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2018

​សៀមរាប ៖ យុវជន យុវនារី ជាង​ពីរពាន់​នាក់ បាននាំគ្នា​មក​ចូលរួម​ក្នុង​កម្មវិធី​រត់​ជា​គូ (Couple Run)​នៅ​ផ្សារ​កុង​ទី​ន័​រ​ផាម ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែមីនា​ម្សិលមិញ​នេះ​។​

​លោក សួង ស៊ីម អគ្គនាយក​ក្រុមហ៊ុន​WatchEmpire និង​ជា​អ្នករៀបចំ​កម្មវិធី​រត់​ជា​គូ​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរសាទ​ទិវា​នារី​អន្តរជាតិ ០៨​មីនា ឆ្នាំ​២០១៨ និង​បំផុស​យុវជន យុវនារី​ឱ្យ​ចេះ​ជួយ​ដល់​ការងារ​សង្គម​ក្រុមហ៊ុន​WatchEmpire​ដែល​នាំចូល​នាឡិកាដៃ​ម៉ាក​Ice Watch បានរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ដ​ឡើង ។

​លោក សួង ស៊ីម បន្ត​ឱ្យដឹងថា ព្រឹត្តិការណ៍​នេះ គឺ​ត្រូវ​រត់​ក្នុង​ចម្ងាយ​១៥០០​ម៉ែត្រ ដែលមាន​អ្នកចូលរួម​២៥០០​នាក់ ស្មើ​១២៥០​គូរ​។ ហើយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​តម្លៃ​១៩៨០០​រៀល ក្នុងនោះ​ចំនួន​៤០០០​រៀល​ក្នុង​ម្នាក់​ដក​សម្រាប់​យកទៅ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ថវិកា​មួយចំណែក​ទៀត​សម្រាប់​ចំណាយ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

​លោក សួង ស៊ីម បាន​បន្តថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុមហ៊ុន Ice Watch បានរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ដ Couple Run ដែល​ចំនួន​២​លើក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​លើក​៣​នេះ​ធ្វើ​នៅ​ខេត្តសៀមរាប ហើយដោយ​តែ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ដើម្បី​សង្គម សុខភាព និង​ការកម្សាន្ត​សប្បាយ​ផង​នោះ ឃើញថា មានការ​ចូលរួម​និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​យុវជន នៅ​ខេត្តសៀមរាប​។​

​លោក សួង ស៊ីម បាន​បញ្ជាក់ថា ថ្វីត្បិតតែ​នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​តែ​២៥០០​នាក់ ប៉ុន្តែ​ព្រឹត្តិការណ៍​បានបង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​និង​យុវជន​ផ្សេងទៀត​បាន​យល់ដឹង​ពី​ការងារ​ជួយ​សង្គម​ហើយ​នៅ​លើក​ក្រោយៗ​ទៀត​និង​មាន​អ្នកចូលរួម​កាន់តែច្រើន​៕