ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល​បាន​ស្ងប់ស្ងាត់​មនុស្ស​៨​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2018

​ខេត្តក្រចេះ ៖ មនុស្ស​៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ដែល​អាជ្ញាធរ​កំណត់ថា ជា​មុខសញ្ញា​ក្នុងការ កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើការ បិទផ្លូវ​ជាតិ​តវ៉ា​ក្នុង​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេ​ម៉ត់ ដោយ​ខុសច្បាប់ ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្នួល បញ្ជូន​ខ្លួន​មក​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១៨ នេះ ដើម្បី​បន្ត​នីតិវិធី​។​

​អធិការនគរបាល​ស្រុក​ស្នួល លោក ចាន់ សុខ​គីម បានឱ្យដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍ ប៉ះ ទង្គិច​គ្នា​ក្នុងការ​ប្រមូល​តវ៉ា​រឿង​ទំនាស់​ដីធ្លី​រួចមក សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៨​នាក់ ដែល​បាន​កណ​ត់​ថា ជា​មេខ្យល់​ក្នុង​ការគៀងគ​មនុស្ស មក​កាប់​ទន្ទ្រាន​រើ​រាន​ដីព្រៃ ក្រុមហ៊ុន​កាន់កាប់ ដោយ​ខុសច្បាប់ រហូត​ឈានដល់​ការតវ៉ា​បិទផ្លូវ និង​នៅមាន​មុខសញ្ញា មេខ្យល់​ច្រើន​នាក់​ទៀត ដែល អាជ្ញាធរ​កំពុង តែ ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត ។​

មនុស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ទាំងនេះ សុ​ទ្ឋ​សឹង​តែមាន​ទីលំនៅ​ក្នុង ស្រុក​ស្នួល ហើយ​ការចាប់ខ្លួន​របស់​ពួកគេ គឺ​បាន​ធ្វើឡើង​ក្នុងពេលដែល​ក្រុម​ជន​ទាំងនេះ រួម​និង​ពលរដ្ឋ​ចំណាកស្រុក​ក្រុមអ្នកតវ៉ា ប្រមាណ​ជាង​២​រយ​គ្រួសារ​ផ្សេងទៀត បាននាំគ្នា​ចេញមុខ​ប្រឆាំង​តវ៉ា​ជាមួយនិង​អាជ្ញាធរ​ក្នុង​រឿង​វិវាទ​ដីធ្លី​មួយ រហូត​ឈាន​ឲ្យ​មាន​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​6A អស់​រយៈពេល ជាច្រើន​ម៉ោង នៅ​ចំនុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃទី​៨ មីនា ឆ្នាំ​២០១៨ នេះ​។​

ពលរដ្ឋ​ដែល​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​បិទផ្លូវ ក្នុង​រឿង​វិវាទ​ដីធ្លី​ដ៏​រាំ​រៃ​ជាមួយ ក្រុមហ៊ុនចំការកៅស៊ូ​មេ​ម៉ត់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ចំនួន​៩,០០០​ហិច​តា នៅក្នុង​ស្រុក​ស្នួល នោះ បាន​លើកឡើងថា ការយក​គ្រឿងចក្រ​ចុះ​ឈូសឆាយ​ក្រវ៉ាត់​ព្រំដី​របស់​ក្រុមហ៊ុន បាន​ប៉ះពាល់​ដល់ផ្ទះ សម្បែង ដីធ្លី​របស់​ពួកគាត់ ដែល​កំពុងតែ​កាន់កាប់ ហើយក៏​នៅ​មិនទាន់​ដោះស្រាយ​ឱ្យ​ពួក គាត់​ចប់​សព្វ គ្រប់ នៅឡើយ​ទេ​។​

​ជាមួយនឹង​ការតវ៉ា​បិទផ្លូវ​របស់​ពលរដ្ឋ ដែល​អាជ្ញាធរ អះអាងថា សុ​ទ្ឋ​សឹង​ជា​ជន​ចំណាកស្រុក មក ពី​ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ជាង​២​រយ​គ្រួសារ គឺ​ប្រដាប់​ដោយ ដំបង ដប​សាំង កាំបិត និង​ជំ​ពាម​បាញ់​គ្រាប់​ដែក ព្រមទាំង​កាំភ្លើង កែច្នៃ បាននាំគ្នា​តវ៉ា រារាំង​គ្រឿង ចក្រ មិន​ឲ្យ​ឈូសឆាយ​ក្រវ៉ាត់​ព្រំដី របស់​ក្រុមហ៊ុន និង​នាំទៅដល់​ឱ្យមាន​ការតវ៉ា​បិទផ្លូវ​ជាតិ​ក្នុង​ចេតនា ប៉ុនប៉ង​វាយបំផ្លាញ​គ្រឿងចក្រ​ទៀតផង​នោះ​។ ទើប​ក្រុម អាជ្ញាធរ​ចម្រុះ​ដែល ចុះទៅ​សម្របសម្រួល និង​កម្លាំងប្រដាប់អាវុធ​ចុះទៅ​ការពារ​បានសម្រេច​ប្រើ​កាំភ្លើង បាញ់​បន្លឺ​ឡើងលើ​អស់​ជាច្រើន​គ្រាប់ ដើម្បី​បំបែកហ្វូង​បាតុករ​ទាំង​នោះបាន ។​

​សូម​បញ្ជា​កើ​ថា ក្រោយពេល​កើតមាន​ព្រឹត្តិការណ៍​ភ្លាមៗ រដ្ឋបាល​ខេត្តក្រចេះ បានចេញ​សេចក្តី ប្រកាស​ព័​ត៍​មាន​ផ្លូវការ​មួយ ដោយ​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច​ចម្រុះ ជាមួយនិង​ក្រុម ពលរដ្ឋ​ប្រមាណ​២​រយ​គ្រួសារ ដែល​មក​ធ្វើការ តវ៉ា​ទាមទារ​ដីធ្លី រហូត​មានការ​បិទផ្លូវ​ជាតិ​លេខ ៧៦​អា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មិនមាន​អ្នកស្លាប់​នោះទេ មានតែ​ពលរដ្ឋ​របួស​ចំនួន​២​នាក់ និង​សមត្ថកិច្ច ៧​នាក់ ត្រូវ​រងរបួស​តែប៉ុណ្ណោះ ៕