នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​ដែល​នឹង​ប្រព្រឹត្ត ទៅ​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ។
ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​បណ្ឌិត ឱម យ៉ិ​ន ទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។
នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួម ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ​ឯកឧត្តម ប៉េ​ហាំង ដា​តូ លីម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកជំទាវ ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។ ឯកឧត្ដម ភី​ធ័​រ ខូ​ស​ហ្គ្រូ​វ (Peter Cosgrove) អគ្គទេសាភិបាល​អូស្ដ្រាលី នឹង​រៀបចំ​អាហារ​ថ្ងៃត្រង់ ជូន​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​។
​ថ្នាក់ដឹកនាំ​នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។
​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ដើម្បី​ពិភាក្សា​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក លើ​ប្រធានបទ​ផ្សេងៗ​ដែលជា​ផលប្រយោជន៍​រួម និង​ដើម្បី​ចែករំលែក​ការយល់ឃើញ និង​ទស្សនៈ​នានា ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូ​ស្រា្ត​លី​។
​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។
​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី ទទួល​ជួប​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី ផងដែរ​៕