រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណិត បុក​រថយន្ត​ព្រូស​ផ្ទប់​ដើមឈើ​ទាំងយប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2018 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៩​និង​៣៥​នាទី​យប់ ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨​នេះ ដោយសារតែ​រថយន្ត​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2G-9919 ដឹកឈើ​ប្រណិត បុក​រថយន្ត​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4840 ផ្ទប់​នឹង​ដើមឈើ​មួយ​ដើម​ធំ ។
​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ចំណែកឯ​រថយន្ត​ព្រូស​ធ្វើដំណើរ​ពី​ខាងលិច​ទៅខាង​កើត ក្នុងទិសដៅ​ខ្វង​គ្នា​ខណៈ​ដល់​ចំណុចកើតហេតុ​រថយន្ត​បា​ឡែ​ន​បាន​បុក​រថយន្ត​ព្រូស​ចំពាក់​កណ្តាល​ខ្លួន​រុញ​ផ្ទប់​ទៅនឹង​ដើមឈើ​មួយ​ដើ​ធំ​ដែល​ដុះ​នៅជាប់​នឹង​របង​សាលាខេត្ត មុខ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង ទៅមុខ​លែងរួច តែ​សំណាងល្អ​មិន​បណ្តាលអោយ​បាត់បង់​អាយុជីវិត​មនុស្ស​ឡើយ ។ ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ក្រោយ​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួនបាន បញ្ជូនទៅ​ឃុំ ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។ ក្រោយ​កើតហេតុ​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក ដើម្បី​ត្រួតពិនិត្យ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ។
​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មជ្ឈដ្ឋាន​ទូទៅ​បានធ្វើ​ការរិះគន់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង​ថា បាន​បណ្តាក់​គ្នា​តាមផ្លូវ​ជាតិ​ដូច​ខ្យង​មិនដែល​ឃើញ​ឃាត់​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិត​ដែល​ធ្វើ​សកម្មភាព​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ម្តងណា​ឡើយ ហើយ​បើ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ នោះទេ ក៍​មិនអាច​ចាប់​រថយន្ត​ដឹកឈើ​នេះ​បានដែរ ។ សូមបញ្ជាក់ថាៈ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ អត្តសញ្ញាណ ជនល្មើស​ដឹកឈើ និង អ្នករងគ្រោះ​ភាគី រថយន្ត ម៉ាក​ព្រុះ​នៅឡើយ​ទេ​៕