គ​.​ជ​.​ប ស្នើ UN ដាក់​អ្នកសង្កេតការ​ពិនិត្យ​ការបោះឆ្នោត​ថ្នាក់ជាតិ​រួមគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ក​ម្ពុ​ជា ដាក់​អ្នកសង្កេតការណ៍ ឬ​បង្កើត​ស្នាក់ការ​ផ្ទាល់ខ្លួន​នៅក្នុង ទីស្នាក់ការ គ​.​ជ​.​ប ផ្ទាល់ ដើម្បី​សង្កេត​ដំណើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នាពេលខាងមុខ ចៀសវាង ការមន្ទិលសង្ស័យ​នានា​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការស្នើ​របស់លោក ហង្ស ពុទ្ធា បាន​ធ្វើឡើង​ក្រោយពី​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ ទីស្នាក់ការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ គ ជ ប លោកស្រី រ៉ូ​ណា ស្មី​ត បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខ ដោយ​លោកស្រី​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន ប្រកបដោយ​ក្តី​ពេញ ចិត្ត និង​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​នានា​ដែល​មានចែង​ស្រាប់ ដើម្បី​ធានា​ឲ្យ​មានការ ប្រកួតប្រជែង​ដោយ​ស្មើៗ​ភាព​គ្នា​។​

​ឆ្លើយតប​នឹង​ក្តី​ព្រួយបារម្ភ​នេះ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លើកឡើងថា ចំពោះ​ការបោះឆ្នោត ជ្រើស តាំង​តំណាងរាស្ត្រ​ខាងមុខនេះ បើទោះបីជា​គ្មាន​ការជំរុញ​ពី​ភាគី​ណាក៏ដោយ ក៏ គ​.​ជ​.​ប បាន​ប្ដេជ្ញាចិត្ត​រួចជាស្រេច​ក្នុង​ការរៀបចំ​ការបោះឆ្នោត​មួយ ប្រកបដោយ​ភាពត្រឹមត្រូវ សេរី និង​យុ​ត្តិ ធម៌ ដែល​គណបក្សនយោបាយ​ទាំងអស់​ទទួលយកបាន​ដោយ​ការពេញចិត្ត​។ ហ

​ដើម្បី​បង្ហាញ ភាព​ប្រត្យក្ស​ចំពោះ​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ផង​នោះ អ្នកនាំពាក្យ ហង្ស ពុទ្ធា បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ តាមរយៈ​លោកស្រី រ៉ូ​ណា ស្មី​ត ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន ឬ​បង្កើត​ស្នាក់ការ​ផ្ទាល់ខ្លួន​នៅ​ទីស្នាក់ការ គ​.​ជ​.​ប ដើម្បី​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​កម្ពុជា ដែល​នឹងត្រូវ​ដំណើរការឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ឲ្យ​បាន ច្បាស់លាស់​ទាំងអស់គ្នា ប៉ុន្តែ​លោកស្រី រ៉ូ​ណា ស្មី​ត មិនទាន់បាន​ការបញ្ជា​ក់​បែបណា​នៅឡើយ ទេ​៕​