សហគ្រាស​ធុន​តូច និង​មធ្យម ផ្តល់​ការងារ​ជាង​១​លាន​នាក់ និង​ចំណូល​ប្រចាំឆ្នាំ​ជាង​៩៣​ពាន់​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣ ដល់ ២០១៧ បង្ហាញថា សហគ្រាស​ធុន​តូច និង​មធ្យម រួម​និង​សិប្បកម្ម គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ១៥​ម៉ឺន ៥៦៤០​មូលដ្ឋាន គឺ​កើនឡើង​ប្រមាណ​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ បើ​គិតពី ទុន​សមមូល​សរុប​ស​ម្រា​ប់​ការវិនិយោគ​របស់​សហ​គ្រាស​ទាំងអស់នេះ មាន​ប្រមាណ​ជា ៤​ពាន់ ៧​រយ​លាន​ដុល្លា​អាមេរិក ប៉ុន្តែ​សហគ្រាស​ទាំងអស់​រួមបញ្ចូល​គ្នា អាច​ផ្តល់​ការងារ​សរុប​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន​ជាង ១​លាន ១​សែន ៦​ពាន់​នាក់ ជាមួយនឹង​ផលរបរ​ប្រចាំឆ្នាំ​ដែលមាន​ជាង ៩៣​ពាន់ ៥៨៦​លាន​ដុល្លារ​អាមេរិក​។ របាយ​ការ​ណ៌​វិនិយោគ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម រួម​និង​សិប្បកម្ម នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ក៏បាន​បង្ហាញ​ដែរ​ថា គ្រាន់តែ​គិត​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ថ្មីៗ បាន​កើនឡើង​ជាង ៣​ពាន់​មូលដ្ឋាន គឺ​កើនឡើង​ជាង​២% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦​។ ក្នុងនោះ​ត្រូវបាន​បែងចែក​ថា សហគ្រាស​សិប្បកម្ម​បង្កើត​ថ្មី​នៅ​កំរិត​ថ្នាក់ជាតិ មាន​ចំនួន​៧៧៤​មូលដ្ឋាន និង​កំរិត​ថ្នាក់ក្រោម​ជាតិ​ជាង​២​ពាន់​មូលដ្ឋាន​។ ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ថ្មីៗ​ទាំង​ជាង​៣​ពាន់​មូលដ្ឋាន​ដែល​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៧​នេះ បាន​បង្កើត​ការងារ​ថ្មី​ជាង​២​ម៉ឺន​កន្លែង ដោយបាន​ប្រើប្រាស់​ទុនវិនិយោគ​ជាង​១​រយ​លាន​ដុល្លា​អាមេរិក និង​នាំមក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លា​អាមេរិក​ផងដែរ ។ គូរ​កត់សំគាល់ថា បើ​គិត​ទៅតាម​ទំហំ​នៃ​វិស័យ​នីមួយៗ​វិញ សម្រាប់​សហគ្រាស​ធុន​តូច​កម្មន្តសាល​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ជាង​១​ម៉ឺន​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង ដោយ​ប្រើប្រាស់​ផលទុន​សមមូល​សរុប​សម្រាប់​ការវិនិយោគ​ជាង ២​ពាន់​លាន​ដុល្លា និង​នាំមក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ជាង​១៦​ពាន់​លាន​ដុល្លា​។ ចំណែក​សហគ្រាស​ធុន​មធ្យម​កម្មន្តសាល នៅ​កម្ពុ​ជាមាន​ចំនួន​ជាង​១​ពាន់​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ចំនួន​ជាង ១០​ម៉ឺន​កន្លែង ដោយ ប្រើប្រាស់​ផលទុន​សរុប​សម្រាប់​កា​រវិន​យោគ​ជាង ៥​រយ​លាន​ដុល្លា​អាមេរិក និង​នាំមក​នូវ ផលរបរ​ប្រចាំឆ្នាំ​ជាង​៣​ពាន់​លាន​ដុល្លា

ដោយឡែក​ចំពោះ​វិស័យ​សិប្បកម្ម​ក្នុងប្រទេស​កម្ពុជា​វិញ មាន​ចំនួន​ជាង​១០​ម៉ឺន​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង ដោយ​ប្រើប្រាស់​ទុន​សមមូល សរុប​សម្រាប់​វិនិយោគ​ជាង ២​ពាន់​លាន​ដុល្លារ និង​នាំមក​នូវ​ផលទុន​ប្រចាំឆ្នាំ​ជាង​៧៣​ម៉ឺន​លាន​ដុល្លារ ៕(រូបភាព រោងចក្រផលិតគ្រឿងកង់ និងម៉ូតូនៅបាវិត)