ជប៉ុន ផ្ដល់​ថវិកា​ជាង​៣៥​ម៉ឺន​ដុល្លារ​ដល់​អង្គភាព​ចំនួន​៤​ដើម្បី​ម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​មូលដ្ឋាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន​៣៥២,៦៣៥​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​៤ សម្រាប់​គម្រោង​អភិវឌ្ឍ និង​កែលម្អ​វិស័យ​អប់រំ​កម្រិត​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សារ ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ ជំនួយ នា​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​នេះ នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​ថា ថវិកា​ចំនួន​៩០,៧២៧​ដុល្លារ​អាមេរិក បាន​ត្រូវ​ផ្តល់ឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​ធ្លក​អណ្ដូង ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ថវិកា​៨៧,៨៧៩ ដុល្លារ​អាមេរិក ផ្តល់ជូន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​គោក​ងួន ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​ថវិកា​ចំនួន​៨៧,៤១៩ ដុល្លារ​អាមេរិក ផ្តល់ជូន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តឧត្ដរមានជ័យ សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​អា​តោ ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ​។​

​ចំណែក​ថវិកា​ចំនួន​៨៦,៦១០​ដុល្លារ​អាមេរិក ផ្តល់ជូន អង្គការ​សា​ម៉ា​រី​តាន​ភឺស​សង្គ្រោះ​អន្តរជាតិ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា នៅ​សាលាបឋមសិក្សា​ដំណាក់​កកោះ និង​សាលាបឋមសិក្សា​ល្បើក​ស្វាយ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​បញ្ជាក់ថា សម្រាប់​ជំនួយ​លើ​គម្រោង​ទាំងនោះ នឹង​ជួយ​ផ្តល់ឱ្យ​សិស្សានុសិស្ស នៅក្នុង​តំបន់​ទាំងនោះ បាន​សិក្សា​រៀនសូត្រ ក្នុង​បរិស្ថាន ដែលមាន​ផាសុខភាព និង​សុវត្ថិភាព​៕