ឥណ្ឌូណេស៊ី ព​ន្លឿ​ន​ការហោះហើរ​ត្រង់​​មកកាន់​កម្ពុជា​ឲ្យ​បាន​ឆាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌូនេស៊ី កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន ទាំង​វិស័យ​យោធា វិស័យ​ការទូត និង​វិស័យ​ពាណិជ្ជកម្ម​ហើយ​នោះ ភាគី​ឥណ្ឌូនេស៊ី ក៏​បញ្ជាក់ថា​នឹងសិក្សា​លើ​គម្រោង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​តែម្តង ដើម្បី​ជម្រុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានបញ្ជាក់​ពី​គោលបំណង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ចង់អោយមាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ផ្ទាល់​តែម្តង ដោយ​ភាគី​ឥណ្ឌូនេស៊ី នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​Lion របស់​ឥណ្ឌូណេស៊ី ដើម្បី​ជំរុញ​កិច្ចការ​នេះ​អោយបាន​ឆាប់​។

​ការបង្ហាញ​ពី​ជំហរ​លើ​ការតភ្ជាប់​វិស័យ​អាកាសចរ​ណ៌​ដូចនេះ ដោយសារ​ប្រទេស​ឥណ្ឌូនេស៊ី មើលឃើញថា កម្ពុជា​ជា​ប្រទេស​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ដែលមាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកហើយ ដែល​ជម្រុញ​អោយ​កម្ពុជា ក្លាយទៅជា​ប្រទេសមួយ​មានការ​រីកចម្រើន ជាប់​ចំណាត់ថ្នាក់​លេខ​៦​នៅលើ​ពិភពលោក​។ ពាក់ព័ន្ធ​នឹង​កា​ហោះហើរ​ត្រង់នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ​យ៉ាងខ្លាំង ដោយ​សម្តេច​តេ​ជោ ក៏​ចង់អោយ​កិច្ចការ​នេះ​សម្រេច​ជា​រូបរាង អោយបាន​ឆាប់​ផងដែរ ព្រោះ​ការហោះហើរ​ត្រង់នេះ​នឹង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

​បើតាម​ការ​ព្យាករ​ណ៌ របស់​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ( CAPA) នៅ​ឆ្នាំ​២០១៨ នេះ កម្ពុជា​នឹងមាន​យន្តហោះ​កើន​ដល់ ៤៥ គ្រឿង ខណៈដែល​នៅពេល​បច្ចុប្បន្ន កម្ពុជា មាន​យន្តហោះ​ជាង ៣០ គ្រឿង​។ ក្រៅពី​វិស័យ​អាកាសចរ​ណ៌ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ស្នើសុំ​ឲ្យ​ភាគី​ឥណ្ឌូណេស៊ី​មក​ពិនិត្យមើល ការវិនិយោគ​លើ​វិស័យ​កសិកម្ម ផងដែរ​។ សម្តេច​តេ​ជោ បាន​លើកឡើងថា បើ​ឥណ្ឌូណេស៊ី​មក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​នៅ កម្ពុជា ជាពិសេស​លើ​វិស័យ​ស្រូវ​អង្ករ គឺ​នឹង​អាចធ្វើ​ឲ្យ​តម្លៃ​អង្ករ​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី ចុះថោក​ជាង​ពេលបច្ចុប្បន្ន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​សមាជិក​អាស៊ាន​ដូចគ្នា ដោយ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៤៥០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំ​ចេញពី​ឥណ្ឌូណេស៊ី មក​កម្ពុជា មាន​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​។

​បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា រួមមាន ថ្នាំជក់​, ធ្យូងថ្ម​, គ្រឿងបន្លាស់​កង់ ម៉ូតូ និង​រថយន្ត​, ឱសថ​វេច​ខ្ចប់​, ក្រណាត់​, ក្រដាស​ធម្មតា​, ទូទឹកកក​, កញ្ចក់​, សម្បក​កង់​កៅស៊ូ និង​គ្រឿង​ស្បែក ។ ចំណែក ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ឥណ្ឌូណេស៊ី មានដូចជា សម្លៀកបំពាក់​, ស្បែកជើង​, កំប៉ុង​អាលុយមីញ៉ូម (Aluminum can), ថ្នាំជក់​, ម៉ាស៊ីនដេរ​, អង្ករ និង​ផលិតផល​ប្លា​ស្ទិ​ក ជាដើម ៕​