ការដឹកជញ្ជូន​តាមផ្លូវ​អាកាស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​កើនឡើង​ខ្លាំង​ពី​ឆ្នាំ​២០២០​ដល់​២០៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​សៀមរាប ៖ ក្រុម​អ្នកសម្របសម្រួល​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស អាស៊ី​ខាងត្បូង​-​ឥណ្ឌា និង​ក្រុម​អ្នកសម្របសម្រួល​សេវាកម្ម​ចរាចរ​ដែនអាកាស​នៅ​អាស៊ីអាគ្នេយ៍ បាន​រកឃើញថា នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ ។ ជាមួយនឹង​កំណើន​នេះ ក្រុម​អ្នកជំនាញ​ទាំងនោះ ក៏បាន​បង្ហាញ​អំពី​ការព្រួយបារម្ភ​ផងដែរ ចំពោះ​សុវត្ថិភាព​លើ​ការ​ធ្វើចរាចរ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នោះ ។​

ការរកឃើញ​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ទាំងនោះ បានមក​ជួបប្រជុំ​ពិភាក្សា​គ្នា រយៈពេល​០៤​ថ្ងៃ ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣០ ខែមីនា នៅ​ក្រុង​សៀមរាប​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​នេះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី លើកឡើងថា​ថា កិច្ច​ប្រជុំបាន​លើក​យកមក​ពិភាក្សាគ្នា​នូវ​ប្រធានបទ​នានា ដែលមាន​ការទាក់ទង​សំខាន់​ទៅនឹង​កិច្ចប្រតិបត្តិការ​អាកាស​យានដ្ឋាន ប្រសិទ្ធភាព​ការផ្តល់​សេវាកម្ម​នាំ​ផ្លូវអាកាស និង​ការគ្រប់គ្រង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។​

​លោក គូសបញ្ចាក់ថា ជាមួយនឹង​ការរកឃើញ​អំពី​កំណើន​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ការរៀបចំ​បង្កើត​ផ្លូវ​ហោះហើរ​ថ្មី​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ​ផ្លូវអាកាស​នោះ វា​គឺជា​តម្លៃ​នៃ​ការស្វែងរក​ដំណោះស្រាយ​ដែល​កិច្ច​ប្រជុំបាន​រកឃើញ ដើម្បី​សុវត្ថិភាព​ចរាចរ​ដឹកជញ្ជូន​ផ្លូវអាកាស ។ លោក​បន្តថា ការបង្កើត​ផ្លូវ​ហោះហើរ​ត្រង់​តាម​បច្ចេកវិទ្យា​ថ្មី វា​ក៏បាន​នាំមក​នូវ​ការ​សន្សំសំចៃ​ប្រេង​ឥន្ទ​នៈ ចំណេញ​ពេលវេលា និង បាន​ការពារ​បរិស្ថាន​ដោយ​ការដុត​ចំហេះ​សាំង​តិច កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស និង ធានាបាន​សុវត្ថិភាព​លើ​ការ​ធ្វើចរាចរ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ។

លោក​បានបង្ហាញ​នូវ​ក្តី​មោទនា​ភាព កក់ក្តៅ​ចំពោះ​ផ​ទ្ធ​ផល​នៃ​កិច្ចប្រជុំ​នេះ ដោយ​កិច្ចប្រជុំ​ក៏បាន​រកឃើញ​ផងដែរ អំពី​ការអនុវត្តន៍​ផែនការ​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​ដូចជា ប្រព័ន្ធ​ទំនាក់ទំនង​អាកាស ប្រព័ន្ធ​នាំ​ផ្លូវអាកាស និង ប្រព័ន្ធ​ឃ្លាំមើល​អាកាស​សម្រាប់​ការគ្រប់គ្រង​ចរាចរ​ដែ​ន​អាកាស ។ ជាមួយនេះ ការបញ្ជៀ​ស​ការហោះហើរ​ក្នុងស្ថានភាព​អាក្រក់​ដូចជា ប​ន្ទុះ​ភ្នំភ្លើង បញ្ហា​ធាតុអាកាស​ដូចជា ព្យុះ ភ្លៀង ជាដើម អង្គប្រជុំ​បានសម្រេច​ថា នឹង​បង្កើត​គម្រោង​ផែនការ​ហោះហើរ​លើផ្លូវ​វៀង ដើម្បី​គេចចេញ​ពី​ស្ថានភាព​អាក្រក់ៗ​ទាំងនោះ ៕​