ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​សម្រុក​មក លេង​បុណ្យចូលឆ្នាំ​នៅ​ស្រុកកំណើត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2015 ក+ ក-

​ប៉ោយប៉ែត​៖​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ ងារ​នៅ​ប្រទេស​ថៃ រាប់ពាន់នាក់​នាំគ្នា​សម្រុក​មកលេង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ ស្រុកកំណើត ដោយ​ធ្វើដំណើរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​បន្តបន្ទាប់​។ ពួកគេ​បញ្ជាក់ថា ក្នុងការ​ធ្វើដំណើរ​វិល​ត្រឡប់​មកនេះ នៅក្នុង​ប្រទេស​ថៃ ពុំមាន​ជា​បញ្ហា​ចោទ​ទេ គឺ​ជួប​ឧបសគ្គ​ខ្លះ​នៅពេល​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​កម្ពុជា និង​សំបុត្រ​ឡាន​ឈ្នួល​នៅ​ក្រុង​ប៉ោយប៉ែត ឡើងថ្លៃ​ខ្ពស់​ជាដើម​។​

​ប្រជាពលរដ្ឋ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ នៅ​ខេត្តបន្ទាយមានជ័យ រៀបរាប់​ឲ្យ​ដឹងថា ពួកគេ​នាំគ្នា​ត្រឡប់មក​ខ្មែរ​នេះ ដើម្បី​ទៅលេង​កម្សាន្ត​សប្បាយ​ជាមួយ​បងប្អូន​ក្នុងឱកាស​បុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅឯ​ស្រុកកំណើត បន្ទាប់ពី​ធ្វើការ​ងារ​នឿយហត់​អស់​ជាច្រើន​ខែ​នៅក្រៅ​ប្រទេស​។​

​ពលករ​ម្នាក់​ឈ្មោះ លោក ប៊ុន បូរ៉ា រស់នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃទី​៤ ខែមេសា ថ្លែងថា បងប្អូន​ក្នុង​ក្រុមគ្រួសារ​របស់លោក​ចំនួន ៥​នាក់ ទៅធ្វើ​ការ​ជា​កម្មករសំណង់​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ប្រមាណ​ជាង ៥​ឆ្នាំ​មកហើយ​។​

​លោក​បន្តថា ជា​រៀងរាល់ថ្ងៃ​បុណ្យជាតិ​សំខាន់​របស់​ខ្មែរ​ចំនួន ២​លើក​ក្នុង​មួយឆ្នាំ គឺ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ តែង​នាំគ្នា​វិលត្រឡប់​មកលេង​សប្បាយ​ជាមួយ​បងប្អូន​នៅឯ​ស្រុកកំណើត វិញ​ជានិច្ច​។ លោក​ថា ដែល​លោក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ កន្លងមក គឺ​ពុំមាន​លិខិតឆ្លងដែន​នោះទេ ហើយ​នៅពេល​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ងាយស្រួល​ជាង​ធ្វើដំណើរ​ពី ស្រុក​ខ្មែរ​ទៅ​ប្រទេស​ថៃ​។​

​លោក​បន្ថែមថា ការវិលត្រឡប់​ពី​ប្រទេស​ថៃ ឆ្នាំនេះ ធ្វើដំណើរ​តាមផ្លូវ​ពុំ​ជួប​បញ្ហា​អ្វី​នោះទេ គឺ​ជួប​ការលំបាក​ខ្លាំង​នៅពេល​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​កម្ពុជា នៅ​ចំណុច​ច្រករបៀង​ក្បែរ​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត​៖ «​អ្នក​ដែល​នាំ​យើង ចេញមក​នោះ មាន​ទាហាន​ឈុតខ្មៅ​ថៃ និង​មន្ត្រីប៉ូលិស​ព្រំដែន​ប្រចាំ​នៅ​ច្រកទ្វារ​ប៉ោយប៉ែត ដោយ​នាំគ្នា​ចេញ​តាម​ព្រៃ​ក្នុងតម្លៃ​ម្នាក់ ៥៥០​បាត​ថៃ​»​។​

​លោក​បន្ថែមថា ពួកគេ​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ឲ្យ​ស្របច្បាប់​ដែរ ក៏ប៉ុន្តែ​ដោយសារ​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​ខ្ពស់​ហួសហេតុ​ពេក ហើយ​ចំណាយពេល​យូរ ធ្វើ​ឲ្យ​ពុំមាន​លទ្ធភាព ក៏​នាំគ្នា​ស្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ដោយ​សុខ ច្បាប់​៖ «​ដើម្បី​ងាយស្រួល​ដល់​ពួក​ខ្ញុំ​ជា​ពលករ កុំ​ឲ្យ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​ទៀត​។ ខ្ញុំ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​សម្រួល​ដោយ​ធ្វើលិខិត​ឆ្លងដែន​ឲ្យ​បាន​ឆាប់ និង​ឲ្យ​មានតម្លៃ​ទាប​ជាង​ពេលបច្ចុប្បន្ន​»​។​

ពលរដ្ឋ​រូបនេះ​បន្ថែមទៀតថា ការឆ្លង​ដែន​ពី​ប្រទេស​ថៃ មក​កម្ពុជា ជួប​ការលំបាក​ជា​បញ្ហា​មួយ​ទៅហើយ ប៉ុន្តែ​ការធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត ក៏​ជា​បញ្ហាសំខាន់​មួយ​ដែរ​។ លោ​កថា​ពលករ​ដែល​នៅ​ខេត្ត​ឆ្ងាយៗ​តែង​ត្អូញត្អែរ​ចំពោះ​តម្លៃ​សំបុត្រ​ឡាន ក្រុង​ពី​ប៉ោយប៉ែត ទៅ​ភ្នំពេញ ថ្លៃ​ខ្ពស់​ហួសហេតុ គឺ​ប្រមាណ​ពី ៥​ម៉ឺន​រៀល (៥០.០០០) ទៅ ៧​ម៉ឺន​រៀល (៧០.០០០) ក្នុង​ម្នាក់​។​

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន មានប្រសាសន៍​បញ្ជាក់ថា អាជ្ញាធរ​ក្រុង​បាន​ចុះ​ណែនាំ​ទៅដល់​ក្រុមហ៊ុន​ឡានក្រុង​ដឹក​អ្នកដំណើរ ទាំងអស់ មិន​ឲ្យ​យក​ថ្លៃ​ពី​អ្នកធ្វើដំណើរ​ខ្ពស់​ហួស​ពី​ច្បាប់​កំណត់​ឡើយ​។ ទោះ​យ៉ាងនេះ​ក្ដី លោក​ទទួលស្គាល់ថា នៅមាន​ក្រុម​ឱកាសនិយម​យក​សំបុត្រ​ឡាន​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង ទឹកដី​ថៃ តម្លៃ​ខ្ពស់​ខ្លះ​មែន ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុងការ​ទប់ស្កាត់​៖ «​សំបុត្រ រថយន្ត​នៅ​ក្រុមហ៊ុន​មានតម្លៃ​មិន​ដូចគ្នា​ទេ តែ​យើងខ្ញុំ​អនុញ្ញាត​ឲ្យ​ពួកគាត់​លក់​ក្នុងតម្លៃ​ទៅតាម​សៀវភៅ​បន្ទុក របស់​ក្រសួង​សេដ្ឋកិច្ច​ទេ ហើយ​យើង​ក៏បាន​បិទ​តម្លៃ​លក់​សំបុត្រ​ឡានក្រុង​ទាំងនោះ​ឲ្យ​អ្នកធ្វើ ដំណើរ​មើលឃើញ នៅ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​»​។​

​ទោះ​យ៉ាងនេះ​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា តម្លៃ​សំបុត្រ​រថយន្ត​ដឹក​អ្នកដំណើរ​ឡើងថ្លៃ​នេះ កើត​ឡើងជា​រៀងរាល់​ពេល​មានបុណ្យ​ជាតិ​សំខាន់ៗ នឹង​ក្លាយទៅជា​ប្រពៃណី​ទៅហើយ​។​

​លោក​ថា វិធានការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​ហាក់​ទន់ខ្សោយ​នៅឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តឈ្នួល​ជួប​ការ លំបាក​ជា​រៀងរាល់ឆ្នាំ​៖ «​កន្លងមក​យើង​សង្កេតឃើញ​មាន​ឡានក្រុង​ចូល ទៅ​ដឹក​ពលករ​ទៅដល់​ច្រកទ្វារ​អន្តរជាតិ​នោះ​តែម្ដង ប៉ុន្តែ​យើង​ពុំ​ដឹងថា រថយន្ត​ដឹក​អ្នកដំណើរ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។ បញ្ហា​នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គួរ​គិតដល់​ប្រជាពលរដ្ឋ​ផង​»​។​

​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​ខុសច្បាប់ នាំគ្នា​សម្រុក​មកលេង​ស្រុកកំណើត​វិញ គឺ​ចាប់តាំងពី​ថ្ងៃទី​១ មេសា រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ថ្ងៃទី​១៤ មេសា ទើប​ស្ងប់ស្ងាត់​ទៅវិញ​។​

​លោក​បន្តថា រហូតមកដល់​ពេលនេះ ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ ១​ពាន់​នាក់​ក្នុង​មួយថ្ងៃ​៖ «​ចាប់ តាំងពី​ថ្ងៃ​១ មេសា មក គឺ​ក្នុង​មួយថ្ងៃៗ ពលករ​សម្រុក​មក​ស្រុកកំណើត​ច្រើន​។ តែ​យ៉ាងណា​ពលករ​វិលត្រឡប់​មកលេង​ចូល​ឆ្នាំនេះ គឺ​ពួកគាត់​ពុំបាន​ផ្ដល់​លំបាក​ដល់​សមត្ថកិច្ច​ទេ​»​។​

អភិបាលក្រុង​ប៉ោយប៉ែត ឲ្យ​ដឹងថា តម្លៃ​សំបុត្រ​ឡានក្រុង​ពី​ប៉ោយប៉ែត ទៅ​ក្រុងភ្នំពេញ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​នេះ គឺ​សំបុត្រ​មួយ​ពី ២៥.០០០ ទៅ ៣៥.០០០​រៀល​។ ចំណែកឯ​រថយន្តឈ្នួល ពិសេស ១៥​កៅអី​វិញ តម្លៃ​សំបុត្រ​ចំនួន ៤៥.០០០​រៀល​ក្នុង​ម្នាក់​៕RFA
12image
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូនមក​ដាក់​ចំណុច​រង្វង់​មូល​ខាងមុខ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤​។