ចូលឆ្នាំថ្មី ពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ​កម្សាន្ត​ជាង​៥​លាន​នាក់​បង្ហាញ​ពី​ប្រាក់ចំណូល​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨​នេះ ចំនួន​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុងប្រទេស​កម្ពុជា បាន​កើន​ឡើងដល់​ជាង​៥​លាន​នាក់​។ កំណើន​នេះ គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏​កើនឡើង​ផងដែរ​។

​ក្រោយពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨ បញ្ចប់ទៅ ក្រសួងទេសចរណ៍ បាន​បូកសរុប​របាយការណ៍​ទេសចរណ៍ ដែល​បង្ហាញថា មាន​ភ្ញៀវទេសចរ​ជាតិ​-​និង​អន្តរជាតិ​មក​កម្សាន្ត​នៅតាម​ទី​រមណីយដ្ឋាន​នានា កើនឡើង​ដល់ ចំនួន​ជាង 5​លាន​2​សែន​នាក់ ។ ក្នុង​ទិន្នន័យ​ដដែល​បានបង្ហាញ​ទៀតថា សម្រាប់​គោលដៅ​សំខាន់ៗ​ដែល​ភ្ញៀវទេសចរ​សម្រុក​ទៅ​កម្សាន្ត​ច្រើនជាងគេ​រួមមាន​6​ទៅ​តាំង ដែល​ក្នុងនោះ​រួមមាន​ដូចជា ៖ ទី​1- ខេត្តសៀមរាប ដែល​មានការ​ប្រារព្វ​អង្គរ​សង្ក្រាន្ត មាន​ជាង​២​លាន​៦​ម៉ឺន​នាក់ (2,062,749)​។ ទី​2- តំបន់ឆ្នេរ រួមមាន​(​ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង និង​ខេត្ត​កែប​) មាន​ភ្ញៀវ​ជាតិ​ទៅ​កំសាន្ត 45 ម៉ឺន​នាក់ ភ្ញៀវ​អន្តរជាតិ ជាង 2​ម៉ឺន​៥​ពាន់​នាក់​។ ទី​3- តំបន់​អេកូ​ទេសចរណ៍ នៅ​ភូមិភាគ​ឥ​សាន្ត រូ​ម​មាន (​ខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និង​ស្ទឹងត្រែង​) មាន​ភ្ញៀវ​ជាតិ​ជាង 24,000 នាក់ និង​ភ្ញៀវ​អន្តរជាតិ​ជាង​2,400​នាក់​។ ទី​4- តំបន់​កម្សាន្ត​តាម​បណ្តា​ខេត្ត​នៅ​ផ្លូវជាតិ​លេខ​5 រួមមាន (​ខេត្តបាត់តំបង ប៉ៃលិន និង​ខេត្ត​ពោធិ​សា​តិ​) មាន​ភ្ញៀវ​ជាតិ​ជាង 81​ម៉ឺន នាក់ ដោយមាន​ភ្ញៀវ​អន្តរជាតិ​ជាង​1​ពាន់​នាក់ ។ ទី​5 – តំបន់​ទេសចរណ៍​ដទៃ​ទៀត មានដូចជា (​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ​) ទទួលបាន​ភ្ញៀវទេសចរ​ជាង​1​លាន​4​សែន​នាក់ ខណៈដែល​ភ្ញៀវ​អន្តរជាតិ មាន​ប្រមាណ​ជាង 9​ពាន់ នាក់​។ ទី​6- តំបន់​រាជធានី​ភ្នំពេញ មាន​ភ្ញៀវទេសចរ​ជាតិប្រមាណ 167,560 នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ប្រមាណ​ជាង​1​ម៉ឺន​នាក់ ។

គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មើលឃើញថា កត្តា​សំខាន់​ដែល​ផ្តល់​លទ្ធភាព និង ឳ​កាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ចូលរួម​សប្បាយរីករាយ​ក្នុង​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ គឺ​ដោយសារ កម្ពុ​ជាមាន​ចំនុច​៤​យ៉ាង ៖ ទី​១. កត្តា​សន្តិភាព និង​ការបង្រួបបង្រួម​គ្នា​ទាំងស្រុង​។ ទី​២. ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​កាន់តែ​ប្រសើរ ដែល​អាចធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ មាន​ភាពងាយស្រួល​។ ទី​៣. មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ទាំង​កម្ម​សិទ្ធ​ឯកជន និង ការដឹកជញ្ជូន​សាធារណៈ ។ ទី​៤. ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កាន់តែច្រើន ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​រោងចក្រ​វាយនភ័ណ្ឌ​៕