នាយករដ្ឋមន្ត្រី​កម្ពុជា​មកដល់​ភ្នំពេញ​វិញ​ហើយ បន្ទាប់ពី​បិទ​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងនាម​ជា​សមាជិក​អាស៊ាន ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម លើ​កិច្ចពិភាក្សា និង​រក​ដំណោះស្រាយ លើ​បញ្ហា​សេដ្ឋកិច្ច នយោបាយ សន្តិសុខ ទាំង​ក្នុង​តំបន់​និង ក្រៅ​តំបន់ ជាពិសេស កម្ពុជា​បង្ហាញ​ជំហរ​ដាច់ខាត​មិន​គាំទ្រ​នយោបាយ​គាំពារ​និយម លើ​ផ្នែក​ពាណិជ្ជកម្ម តែម្តង​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បានធ្វើ​ដំណើរ​និវត្ត​ន៌​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នា​រសៀល ថ្ងៃ​សៅរ៌ ទី​២៨ ខែមេសា​នេះ បន្ទាប់ពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត នៅក្នុង​សាធារណៈរដ្ឋ​សិង្ហ​បុរី រយៈពេល​២​ថ្ងៃ​។

​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ប្រទេស​សិង្ហ​បុរី នាពេលនេះ គឺជា​ការបង្ហាញ​នូវ​តួនាទី​និង​ការចូលរួម​យ៉ាងសំខាន់​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​សមាជិក​របស់​អាស៊ាន ក្នុងការ​ចូលរួម​កិច្ចពិភាក្សា​ដោះស្រាយ​បញ្ហា​និង​ការផ្តល់​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ព​ន្លឿ​ន​ទិសដៅ ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០១៨​របស់​អាស៊ាន​នេះ ប្រមុខ​ដឹកនាំ​អាស៊ាន​នៃ​ប្រទេស​ទាំង​១០ បានសម្រេច​អនុម័ត​លើ​ឯកសារ​សំខាន់​ចំនួន​៣ ដែល​តាម​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម បណ្ឌិត កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានអោយដឹងថា ទី​១ គឺ ឯកសារ​ទស្សនវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី ន​វា​នុ​វត្ត​ន៌ និង​ភាពរឹងមាំ​របស់​អាស៊ាន ដែលជា​ចក្ខុវិស័យ​ថ្មី​មួយ​របស់​អាស៊ាន​! ឯកសារ​ទី​២៖ សេចក្តីប្រកាស របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី កិច្ចសហប្រតិបត្តិការ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​! និង​ឯកសារ​ទី​៣៖ គឺ​ទស្សនាទាន​ស្តីពី បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​របស់​អាស៊ាន​។ តាម​ការបញ្ជាក់​របស់ ឯកឧត្តម បណ្ឌិត កៅ គីម​ហួន ចំពោះ​ការរៀបចំ​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​បាន សម្រេចយក​ទីក្រុង​ចំនួន​២៦​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​ដំណើរការ​នេះ ត្រូវ​រង់ចាំ​ការពិភាក្សា​លំអិត​ជា​បន្តទៀត​រវាង​រដ្ឋមន្ត្រី​នៃ ប្រទេស​អាស៊ាន នាពេលខាងមុខ​ជាមុន​សិន ។

​ទន្ទឹមនេះ លិ​ខិ​តូប​ករ​ណ៌​ចំនួន​២២៩ នៃ​សហគម​ន៌​ទាំង​៣ របស់​អាស៊ាន ក៏ត្រូវ​បានអនុម័ត​រួចហើយ ក្នុង​ខែមីនា​ឆ្នាំ​២០១៨​កន្លងមក ។ ចំនុច​សំខាន់​មួយ​ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានលើកឡើង នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ក្នុងប្រទេស​សិង្ហ​បុរី គឺ​ការប្រឆាំង​ដាច់ខាត​ចំពោះ នយោបាយ​គាំពារ​និយម ដែលជា​ការព្រួយបារម្ភ​ចំពោះ​ការកើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ក្នុង​ពិភពលោក ខណៈដែល​កម្ពុជា មាន​ផលិតផល​ជាច្រើន​ត្រូវ​នាំចេញ​ជា​រៀងរាល់ឆ្នាំ ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម បណ្ឌិត កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។

​គួរកត់សំគាល់​ដែរ​ថា ទិដ្ឋភាព​ជារួម មេដឹកនាំ​អាស៊ាន​បានបង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ សេ​ដ្ឋិ​កិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​២០១៧ មាន​កំណើន​ប្រមាណ​៥.២ ភាគរយ ខណៈដែល​កំណើនសេដ្ឋកិច្ច​ពិភពលោក មាន​ត្រឹម​៣.៧​ភាគរយ​ប៉ុណ្ណោះ ។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្នើអោយ​អាស៊ាន​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរ​ណ៌​អោយ​កាន់តែច្រើន​ថែមទៀត ក្នុង​ក្របខណ្ឌ​អាស៊ាន ដែល​ក្នុង​ឆ្នាំ​២០១៧ អាស៊ាន​ទទួលបាន​អ្នកទេសចរ ប្រមាណ​១២៥​លាន​នាក់ គឺ​កើនឡើង​ប្រមាណ​៤​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ សម្តេច​តេ​ជោ ស្នើអោយ​អាស៊ាន​ជម្រុញ​បន្ថែមទៀត​ក្នុង​សមាហរណកម្ម​អាស៊ាន និង សហគម​ន៌​អាស៊ាន ដែល​កំពុង​ផ្តោតលើ​ឧស្សាហកម្ម​ទី​៤ បែប​បច្ចេកវិទ្យា​ឌីជីថល​តែម្តង ៕