ភ្នំពេញ ៖ ថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូត្រឡើងនៅលើភពផែនដី ហើយក៏ជាថ្ងៃដែលព្រះអង្គត្រាស់ដឹង និងជាថ្ងៃដែលទ្រង់ចូលបរិនិព្វានផងដែរ។ ចាប់ពីពេលនោះមក សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ បានកំណត់យកថ្ងៃពេញបូណ៌មីនាខែវពិសាខនេះ ដើម្បីប្រារព្ធធ្វើពិធីបុណ្យដ៏ធំរំលឹកខួបប្រចាំឆ្នាំនៅទូទាំងពិភពលោក អស់កាលជាង២៥៦២ព្រះវស្សា មកហើយ និងបានកំណត់និយមន័យរួមជា«បុណ្យវិសាខបូជា»។
បុណ្យនេះដែរ ក៏ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៨ ជាពិធីបុណ្យសាសនាអន្តរជាតិ និងបានប្រសិទ្ធិនាមព្រះពុទ្ធសាសនា ថាជាសាសនាសន្តិភាព (ស្ងប់សុខ ប្រាសចាកហិង្សាគ្រប់រូបភាព) និងជាទិវាសន្តិភាព សកល (វីសាខ ដេ Visak day) ដែលបានប្រារពធ្វើនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំផងដែរ។
ដើម្បីស្វែងយល់ខ្លឹមសារ នៃបុណ្យវិសាខបូជា នេះឱ្យកាន់តែច្បាស់ ទស្សនាចរណ៍ក្រុមផ្កាឈូក សហការជាមួយ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានរៀបចំកម្មវិធីវិសាខបូជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការនិមន្ត យាង និងអញ្ជើញចូលរួមពីចូលរួមប្រមាណជាង៥០០អង្គ/នាក់ ដើម្បីលើកស្ទួយព្រះពុទ្ធសានា ដែលជាសាសនារបស់រដ្ឋ បង្កើនការយល់ដឹងអំពីខ្លឹមសារ នៃទិវាវិសាខបូជា ដែលឧទ្ទិសដល់ព្រឹត្តិការណ៍ដ៏សំខាន់ទាំង៣របស់ព្រះសម្មាសម្ពុទ្ធ ។
លោក អៀង សុធារ៉ា ប្រធានមូនិធិអៀង បានមានប្រសាសន៍ឱ្យដឹងក្នុងថ្ងៃប្រារពពិធី ស្វែងយល់ពីបុណ្យវិសាខបូជា នេះថា “វិសាខបូជា គឺជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាមួយ ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងតែប្រារពធ្វើ ដើម្បីរំលឹកដល់នក្ខត្តសម័យសំខាន់ៗរបស់ព្រះសមា្មសម្ពុទ្ធ។ ពិធីនេះ នៅកម្ពុជា ត្រូវបានគេប្រារព្ធធ្វើនៅតាមទីវត្តអារាមតំបន់ស្រុក ខេត្ត ដើម្បីបំពេញតួនាទីជាពុទ្ធសាសនិកដ៏ល្អរបស់ព្រះពុទ្ធសាសនា ដែលមានតួនាទីជាអ្នកថែរក្សា ការពារ និងផ្សព្វផ្សាយនូវគុណតម្លៃ និងបញ្ជាក់ពីកត្តញ្ញូកតវេទី ចំពោះកិចុ្ចខិតខំប្រឹងប្រែងតស៊ូពុះពារ ដឹកនាំ ប្រៀនប្រដៅទាំងថ្ងៃ ទាំងយប់របស់ព្រះពុទ្ធជាម្ចាស់”។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បានកំណត់យករមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នៅស្រុកឧដុង្គ ធ្វើជាទីកន្លែងប្រារព្ធពិធី បុណ្យវិសាខបូជា ជារៀងរាល់ឆ្នាំ។
លោក ហេង មណីចិន្តា នាយកអង្គការ ព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍បានមានប្រសាសន៍ ឱ្យដឹងថា « បុណ្យវិសាខបូជា» ជាបុណ្យធំណាស់ ក្នុងព្រះពុទ្ធសាសនា ហើយពុទ្ធសាសនិកបានធ្វើជាសតវត្សៗរៀងរាបមក ក្នុងថ្ងៃ១៥កើត ខែវិសាខ។ ក្រៅពីរំលឹកដល់ថ្ងៃកើត ថ្ងៃត្រាស់ និងថ្ងៃបរិនិព្វាន របស់ព្រះពុទ្ធ ក៏បានបញ្ជាក់ផងដែរដោយអមពីគោលបំណងរបស់មនុស្សម្នាក់ៗ នៅពេលដែលខ្លួនកើតមក ថាតើមានគោលបំណងអ្វី បន្ទាប់ពីបានសម្រេចបំណងហើយត្រូវធ្វើអ្វី ដើម្បីបន្សល់ឱ្យអ្នកជំនាន់ក្រោយពោលគឺមុនពេលយើងស្លាប់ទៅ”។
ចំណែក លោក ហឿន សំនាង ដែលបានចូលរួមក្នុងកម្មវិធីនោះ បានឱ្យដឹងថា កម្មវិធីនេះមានអត្ថប្រយោជន៍ណាស់ សម្រាប់រូបលោកផ្ទាល់ និងសម្រាប់អប់រំដល់យុវជនជំនាន់ក្រោយៗ ព្រោះជាបុណ្យប្រពៃណីពុទ្ធសាសនា និងសិក្សាអំពីដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធនៃយើងផង៕
ប្រវត្តិបុណ្យវិសាខបូជា
ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ៕