ក្រុម​អ្នកស្រាវជ្រាវ​បញ្ជូន​ឯកសារ​ចម្រុះ​ភាសា​នៅ​កម្ពុជា ទៅ​តម្កល់​នៅ​ប្រទេស​បារាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2018 ក+ ក-

​ភ្នំពេញ ៖ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ឯកសារ​
​ព័ត៌មាន​ចេញផ្សាយ​ចម្រុះ​ភាសា នៅ​ប្រទេស​កម្ពុជា ពី​ទសវត្ស​១៩៧៩​មក​បច្ចុប្បន្ន ផ្ញើ​ទៅ​រក្សាទុក​នៅ សារមន្ទីរ​ប៊ុ​យ​ឡាក់​(BULAC )​ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន ព្រឹត្តិការណ៍​នៅ​កម្ពុជា ដែល​បាន​បោះពុម្ពផ្សាយ​រួចហើយ ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលមាន​ទីតាំង​នៅក្នុង​វត្ត​ឧណ្ណាលោម​​ប្រមូល​ទិញ​យកទៅ​រក្សា​ទុកជា​ឯកសារ​ស្រាវជ្រាវ នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់ ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន​ទម្ងន់​ជាង​២​តោន ដែល​បោះពុម្ពផ្សាយ ពី​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ផ្សាយ​នៅក្នុង​កាសែត និង​ទស្សនា​វ​ដ្តី ចម្រុះ​ភាសា ត្រូវបាន​សាលា បារាំង​ចុង​បូព៌ា សហការ​ជាមួយ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ​ប្រមូល​យកទៅ​ផ្ញើទុក​នៅ សារមន្ទីរ​BULAC នៃ​ប្រទេស​បារាំង​។​

​លោក ឡេង កុក​អាន សហការី​វិទ្យាសាស្ត្រ​ផ្នែក​សាស្ត្រា​ស្លឹករឹត និង​ជា​ប្រធាន​អភិរក្ស បាន​ថ្លែងថា ឯកសារ​ព័ត៌មាន ដូចជា កាសែត ទស្សនា​វ​ដ្តី សៀវភៅ​ប្រលោមលោក ដែល​បានចេញ​ផ្សាយ​ពី​ព្រឹត្តិការណ៍ របស់​ប្រជាជាតិ​កម្ពុជា ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ដើម្បី​រក្សា​ទុកជា ឯកសារ​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ​។

ការប្រមូល​យក​ទុក ឯកសារ​ព័ត៌មាន​នោះ គឺ​ជំនួយ​ពីសា​សា​បារាំង​ចុង​បូព៌ា​ពី​ឆ្នាំ​១៩៩០ ដឹកនាំ​ដោយ​សាស្ត្រ​ចា​រ្យ អី​លី​វី​យេ ឌើ ប៊ែ​រណា​ន់​(Olivier de Bernon )​ផ្តួចផ្តើម​ឲ្យ​ប្រមូល ឯកសារ​ព័ត៌មាន​ចម្រុះ​ភាសា​ក្នុង​គោលបំណង ចងក្រង​ព័ត៌មាន​ឯកសារ​ទាំងនោះ សម្រាប់​​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ស្រាវជ្រាវ រក​ប្រវត្តិ​នានា វប្បធម៌​ជាតិ នយោបាយ​ដឹកនាំ ជីវភាព​ប្រជាជន​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅតាម​នៅ​ដំណាក់កាល​ដឹកនាំ ក្នុង​រជ្ជកាល នីមួយៗ​របស់​ប្រ​ទស​កម្ពុជា​។​

​លោក ឡេង កុក​អាន មានប្រសាសន៍​បន្តថា ការដឹកជញ្ជូន​ឯកសារ​ពត៌មាន​កម្ពុជា ទៅ​ទុក​​នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់​នោះ បានធ្វើ​៣​ដង​ហើយ​។ ការប្រមូល​ឯកសារ​ព័ត៌មាន គឺ​ប្រមូល​ពី​ការបោះពុម្ពផ្សាយ​គ្រប់​ជំនាន់ ដែល​សរសេរ​ពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ពិសេស​ការបោះពុម្ពផ្សាយ​នៅក្នុង​ឆ្នាំ​១៩៧៩ មក​បច្ចុប្បន្ន ដើម្បី​សំគាល់​ពី​ការវិវឌ្ឍ​នៃ​ភាសា​ខ្មែរ ក៏ដូចជា​នយោបាយ​។​

​លោក ឡេង កុក​អាន ឲ្យ​ដឹងថា ការបញ្ជូន ឯកសារ​ព័ត៌មាន​កម្ពុ​ជា ទៅ​រក្សាទុក​នៅ​សារមន្ទីរ ​ប៊ុ​យ​ឡាក់ ប្រទេស​បារាំង ចាប់ផ្តើម​ពី​ឆ្នាំ​២០០៥ ២០០៩ និង​២០១៨​។ បច្ចុប្បន្ន នៅមាន កាសែត​និង​ទស្សនា​វ​ដ្តី​ជាង ២០០០​គី​ឡ​ក្រាម​ទៀត គ្រោង​បញ្ជូនទៅ​ដែរ​៕​