ឆ្នាំនេះ កម្ពុជា​គ្រោង​នាំចូល​អំបិល​៣​ម៉ឺន​តោន​សម្រាប់​បំពេញ​​កង្វះខាត​ក្នុងស្រុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​គ្រោង​នាំចូល​អំបិល​ពី​ប្រទេសជិតខាង​ប្រមាណ​៣​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ខណៈដែល​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើអោយ​ការផលិត​បរិមាណ​អំបិល​ក្នុងស្រុក​មិន​គ្រប់គ្រាន់​។​

​ដោយសារ​បរិមាណ​អំបិល នៅក្នុង​ស្តុក​របស់​សមាគម​អំបិល​កំពត​-​កែប អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ត្រឹម​ខែកញ្ញា ឆ្នាំនេះ​ប៉ុណ្ណោះ សមាគម​នេះ​គ្រោង​នឹង​នាំចូល​អំបិល​ប្រមាណ​៣​ម៉ឺន​តោន ពី​ប្រទេសជិតខាង សម្រាប់​មក​ផ្គត់ផ្គង់​បន្ថែម​។

​តាម​ការបញ្ជាក់​របស់​សមាគម​អំបិល​កំពត​-​កែប អោយដឹងថា នៅក្នុង​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​កសិករ​មិនអាច​ផលិត​អំបិល​បាន​ច្រើន ហើយ​បរិមាណ​អំបិល​មាន​ក្នុង​ស្តុក គឺអាច​ផ្គត់ផ្គង់​បាន​ត្រឹម​ខែកញ្ញា ប៉ុណ្ណោះ​។ ដូចនេះ សមាគម​កំពុងតែ​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ប្រមាណ​៣​ទៅ​៤​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ ខណៈ​អំបិល​ក្នុង​ស្តុក​មាន​ជាង​៤​ម៉ឺន​តោន គឺ​មិន​គ្រប់គ្រាន់​នោះទេ ។

​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប ខាង​សមាគម​អំបិល​កំពត​-​កែប ជាមួយ​រដ្ឋបាលខេត្ត បាន​ពិភាក្សាគ្នា​ជា​បណ្តោះអាសន្ន​ថា នឹងដាក់​សំណើ​ទៅ​ក្រសួងកសិកម្ម ក្នុងការ​នាំចូល​អំបិល​ពី​ប្រទេស​ថៃ ប្រហែលជា​៣​ទៅ​៤​ម៉ឺន​តោន ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៨​នេះ » ។

គួររំលឹកថា កាលពី​ឆ្នាំ​២០០៩ កម្ពុជា​ក៏​ធ្លាប់​នាំចូល​អំបិល​ពី​ប្រទេស​ចិន ចំនួន​៣​ម៉ឺន​តោន​ដែរ ។ ប៉ុន្តែ មូលហេតុ​ដែល​ខាង​សមាគម​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​មិនសូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ផលិតផល​អំបិល​របស់​ប្រទេស​ចិន ធ្វើ​ពី​រ៉ែ​ដូចគ្នា​នឹង​ប្រទេស​ថៃ​ដែរ​។ ទោះជា​យ៉ាងណា ការ​នាំចូល​អំបិល​ពី​ខាងក្រៅ​នេះ សមាគម​អះអាងថា គឺ​មិនមាន​ផលប៉ះពាល់ ដល់​អ្នក​ផលិត​អំបិល​ក្នុងស្រុក​ទេ ព្រោះ​ការ​នាំចូល​សម្រាប់តែ​ផ្គត់ផ្គង់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ការផលិត និង​ប្រមូល​ផល​អំបិល​នៅក្នុង​ខេត្តកំពត និង​កែប ធ្វើឡើង​ចាប់ពី​ខែកញ្ញា រហូតដល់​ខែមេសា​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧ ២០១៨​នេះ ការប្រមូល​ផល​អំបិល​បាន​ប្រមាណ ២​ទៅ​៣​ម៉ឺន​ប៉ុណ្ណោះ​។

​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញថា ឧស្សាហកម្ម​នេះ​រកបាន​ប្រាក់ចំណូល​ប្រហែល​២២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​បរិមាណ​ផល​អំបិល​សរុប​បូករួម​ទាំង​បរិមាណ​អំបិល​សល់​ក្នុង​ស្តុក ប្រហែល​១៤​ម៉ឺន ៣​ពាន់​តោន​។

​ទិន្នផល​អំបិល​កំពត​-​កែប ក៏​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប ដូចជា អង់គ្លេស និង​ស្វ៊ី​ស​ផងដែរ ហើយ​កាលពី​ឆ្នាំ​២០១៧ ក៏មាន​ក្រុមហ៊ុន នាំ​ចេញទៅ​បារាំង​បាន​ចំនួន​១៨​តោន​ដែរ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើការ​នាំចេញ​បន្តទៀត​ទេ​៕​