World Bank ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​កើន​ដល់​៦,៩​ភាគរយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បានអោយដឹងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​រក្សា​ភាពរឹងមាំ នឹង​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​ល្បឿន​បន្តិច​រហូតដល់​ទៅ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​ការ​ស្ទុះ​ឡើងវិញ​ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ​និង​សំលៀកបំពាក់ អមដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ផងដែរ ។

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ត្រូវបាន​សម្ពោធ​នៅថ្ងៃនេះ​អោយដឹងថា ចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿន​លឿង​ផង សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យ​នៅតែ​បន្ត​មាន ហើយ​ក្នុងនោះ​រួមមាន​ការបាត់បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់​កម្មករ ពំ​នូ​នគរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែលមាន​មកជា​យូរ​មកហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាលមកពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែលមាន​ការ​ជំនួញ​ធំៗ​ក្នុង​ពិភពលោក​។

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួបប្រទះ ។ ការវិនិយោគ​ទៅលើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​អោយដឹង​ផងដែ​រថា បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែល​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ច្រើនជាងគេ​មួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ ។

ប៉ុន្តែ​ប្រទេស​ណា​ក៏​ដូច​តែ​គ្នា​ដែរ គឺ​សុទ្ធតែ​ខ្វះខាត​ជំនាញ​ដូចគ្នា គ្រាន់តែ​ការខ្វះខាត​ជំនាញ​នោះ​មាន​តិច​មាន​ច្រើន​ប៉ុណ្ណោះ ។ លោក​ថា ដើម្បី​អោយកម្លាំង​ពលកម្ម​ជំនាញ មាន​ប្រសិទ្ធភាព និង​ស្ថេរភាព​បានយូរ​នោះ ការបណ្ដុះបណ្ដាល​គួរតែ​ធ្វើឡើង​ដោយ​វិស័យ​សាធារណៈ ៕​