រដ្ឋាភិបាល​ចិន ចេញ​វិធានការ​ទប់ស្កាត់​ការដំឡើងថ្លៃ​អចលនទ្រព្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ចិន ៖ ក្រោយពី​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង​មួយចំនួន នៃ​ប្រទេស​ចិន បាន​សម្តែង​ការព្រួយបារម្ភ​ថា ការតំឡើងថ្លៃ​លំនៅដ្ឋាន​ខ្ពស់​ពេក នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ ពុំមាន​លទ្ធភាព​ក្នុង​ការទិញ​លំនៅដ្ឋាន​នោះ ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន និង ជនបទ​របស់​ប្រទេស​ចិន ក៏បាន​កោះហៅ អភិបាលក្រុង​ក្នុង​ខេត្ត​មួយចំនួន​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​តម្លើងថ្លៃ​លំនៅដ្ឋាន​នេះ​។​

​តាម​ការចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​បង្ហាញថា​ក្រសួង​អភិវឌ្ឍន៍​លំនៅឋាន​និង​ជនបទ​នៃ​ប្រទេស​ចិន បាន​រំលឹក​ដល់​អភិបាលក្រុង​ធំៗ ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​២ ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង ដូចជា​ក្រុង Chengdu, ទីក្រុង​Taiyuan, ទីក្រុង Xian, ទីក្រុង​Harbin, ទីក្រុង​Kunming និង ទីក្រុង Guiyang ដោយ​មើលឃើញថា​ទីក្រុង​ទាំងនេះ មានតម្លៃ​លំនៅដ្ឋាន​ឡើង​ខ្ពស់​គួរអោយកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាង​បណ្តាល​ខេត្ត​ក្រុង​មួយចំនួនទៀត ។

​វិធានការ​ចំពោះមុខ​គឺ​ដាក់​កម្រិត​លំនៅដ្ឋាន​ថ្មីៗ​មិនត្រូវ​អោយមាន​ការ​ឡើង​តម្លៃ​ខ្ពស់​ពេក​ទេ​។ ជាក់ស្តែង​តម្លៃ​លំនៅដ្ឋាន​នៅ​ទីក្រុង Chengdu នៅក្នុង​ខែមីនា​បាន​កើនឡើង​រហូតដល់ 0,៨ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ខណៈ​នៅក្នុង​ទីក្រុង Taiyoan មាន​កើនឡើង​រហូតដល់ ៧,៦ ភាគរយ​។ យោងតាម​ទិន្នន័យ​របស់ China Index Academy បានឱ្យដឹងថា​ទីក្រុង​ចំនួន ១២ បាន​លក់​ផ្ទះ​ថ្មី​ចំនួន ១១ លាន​ផ្ទះ​កើនឡើង​២៣ ភាគរយ​កាលពី​ខែ​មុន ដោយ​ក្នុងនោះ​មាន​ការលក់​ធ្លាក់ចុះ​ប្រមាណ​ជា​១០ ភាករយ​ក្នុង​ក្រុង​ធំៗ​លំដាប់​ទី ១​ចំនួន ២ គឺ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ​និង ធ្លាក់ចុះ ៥​ភាករយ​ក្នុង​ក្រុង​ធំ​លំដាប់​ទី ៣​របស់​ប្រទេស​ចិន​។ ជាមួយគ្នា​នោះ មាន​ទីក្រុង Xian, ទីក្រុង​Chengdu និង ទីក្រុង Nanjing បានដាក់​វិធានការ​តម្លៃ​ស្របតាម​ការណែនាំ​របស់​រដ្ឋាភិបាល​ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ធ​ម្យ​ម​មានលទ្ធភាព​ក្នុង​ការទិញ និង​ជំរុញ​កំណើន​នៅក្នុង​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

បើតាម​ស៊ីន​ហួ​បានសរសេរថា ក្រសួង​បាន​ប្រាប់​ដល់​មន្ត្រី​ទាំងនោះ​ថា អោយ​គិតគូ​យកចិត្តទុកដាក់​ចំពោះ​ការត្រួតពិនិត្យ​អោយបាន​ទៀត​ទាត់​ចំពោះ​ទីផ្សា​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​ទាំងមូល​មិនអាច​អោយ​ឡើងថ្លៃ​ស្រេច​តែ​ចិត្ត​នោះទេ​។ តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​បានធ្វើឱ្យ​ក្រុម​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារតែ​មានការ​ភ័យខ្លាច​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង​ចលាចល​សង្គម​កើតឡើង​បើសិនជា​លំនៅដ្ឋាន ឬ​អចលនទ្រព្យ​លក់​មិន​ចេញ​ស្របតាម​ទីផ្សារ​៕​