លោក​ទេសរដ្ឋមន្ត្រី លី ធុជ ចូលរួម​កិច្ចប្រជុំ UN-ESCAP នៅ​ទីក្រុង​បាងកក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​សេដ្ឋកិច្ច និង​សង្គមកិច្ច (​អេ​ស្កា​ប់​)​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤ របស់​គណៈ​ក​ម្មា ធិ​ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រោម ប្រធានបទ “​វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហិ្វ​ករ​បស់​អង្គការ​សហ ប្រជាជាតិ (UN-ESCAP) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​ថ្មីៗ កន្លងទៅនេះ​។

​គោលបំណង​ដ៏​ចំបង​នៃ​សន្និបាត​នេះ គឺ​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ការងារ ដែល អគ្គលេខាធិការដ្ឋាន UN-ESCAP និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ និង​អនុម័ត​សេចក្តី សម្រេច​ផែនការ​ផ្សេងៗ ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋ​ជា​សមាជិក និង​អគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់​ឆ្នាំ ២០១៨​។​

​ក្នុងនាម​ជា​តំណាង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញ​ឲ្យ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤ នេះ ដែលមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧ​ត្ត​ម​មន្ត្រី និង មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក និង​រដ្ឋ​សង្កេតការណ៍​ប្រមាណ​ជាង ៦០ ប្រទេស ព្រមទាំង​តំណាង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លេខា​ប្រតិបត្តិ UN-ESCAP មន្ត្រី​ជំនាញ​មកពី​អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាច្រើន​ទៀត ដោយ​កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ ចំនួន​៤ គឺៈ វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ ចីរភាព បញ្ហា​ប្រឈម និង​ឱកាស​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព តួនាទី​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក​ក្នុង​ការងារ​ពហុភាគី និង​អភិបាលកិច្ច​សកល​នៃ​សករាជ​របៀបវារៈ​ឆ្នាំ ២០៣០ ការច្នៃប្រឌិត​បច្ចេកវិទ្យា​ដើម្បី​ជួយ​ជម្រុញ​ដល់​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានកត់សំគាល់​ពី​ភាពជោគជ័យ​សំខាន់ៗ ៣ របស់​កម្ពុជា ដែល​ឆ្លើយតប​ទៅនឹង​ប្រធានបទ​ខាងលើ​គឺៈ ១/ ការកសាង​ស​និ្ត​ភាព គឺជា​កត្តា ចាំបាច់​បំផុត​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ដែលជា​ការអភិវឌ្ឍ​ដោយ​ចីរភាព​ទៅ តាម របៀបវារៈ​ឆ្នាំ ២០៣០ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​កម្ពុជា​ឆ្នាំ ២០១៦-២០៣០​។

២/ ការ​កាត់ បន្ថយ​ភាពក្រីក្រ​ដ៏​គួរ​ឧ្យ​កត់សំគាល់ ដែល​បាន​ធ្លាក់ចុះ​ពី ៥៣% ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣,៥% ក្នុង​ឆ្នាំ​២០១៤ ហើយនឹង​នៅ​បន្ត​ធ្លាក់ចុះ​ជាង​១% ក្នុង​មួយឆ្នាំៗ​ទៀត នេះ​បានធ្វើ​ឲ្យ កម្ពុជា​ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ការកាត់បន្ថយ​ភាពក្រីក្រ​បាន​ច្រើន ជាងគេ​ក្នុង​ពិភពលោក និង​មិនមាន​នរណាម្នាក់​ដែល​ត្រូវ​ទុកចោល ដោយ​មិន​ទទួលបាន​ផល ពី​ការអភិវឌ្ឍ​ឡើយ និង​៣/ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ហើយ​បន្ត​មាន​លំនឹង​រឹងមាំ​ក្នុង កម្រិត ៧.២% និង​បន្ត​នៅ​ចន្លោះ ៧.១ ឬ ៧.២% ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ផងដែរ​៕​