រថយន្ត​ជាប់​ហ្គែ​រ ក្រឡាប់​ធ្លាយ​ទ្រុង​ចាក់​ស្រា​បៀ​ចោល​លើ​សួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ក៉ូ​រ៉េ​ឃ្លប់​ដឹក​ស្រា​បៀ​មួយគ្រឿង ក្រឡាប់​ធ្លាយ​ទ្រុង​ចាក់​ស្រា​បៀ​ចោល​ពេញ​ផ្លូវ បោក​លើ​សួន​ទ្រូងផ្លូវ មនុស្ស​៣​នាក់​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​ហាណូយ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-5963 ដឹក​ស្រា​បៀ​ពេញ​រថយន្ត ជិះ​គ្នា​៣​នាក់​លើ​រថយន្ត ។

​មុនពេល​កើតហេតុ រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ ជាប់​ហ្គា សម្លេង​រោទ៍ ទើប​ហ្វ្រាំង ដើម្បី​ទប់ បែ​ជា​ក្រឡាប់​ខ្លួនឯង​បោក​ទៅលើ​សួន ទ្រូងផ្លូវ បណ្តាល​ឲ្យ​ធ្លាយ​ទ្រុង ខ្ទាត​ស្រា​បៀ រាយប៉ាយ​ពេញ​ផ្លូវ អ្នកជិះ​៣​នាក់​រងរបួស​ស្រាល​តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ប៉ុន្តែ​សួរ​ច្បារ​រង​ការខូចខាត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅពិនិត្យ សម្រួល​ចរាចរណ៍ ជៀសវាង​កកស្ទះ ឲ្យ​ម្ចាស់​រក​រថយន្តស្ទូច​មក​លើក​ដោយ​ខ្លួនឯង​ហើយ​យក​រថយន្ត​ខាងលើ​មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​