នាយករដ្ឋមន្ត្រី​ព្រមាន​ដក​រដ្ឋមន្ត្រី​៣​រូប រឿង​ឆ្លើយ​ដាក់គ្នា​ករណី​ពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រី​៣​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្តីបន្ទោស​ធ្ងន់ៗ​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ឆ្លើយ​ដាក់គ្នា​ជុំវិញ​ករណី ប្រជាពលរដ្ឋ​ពុល​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

​ទន្ទឹម​នោះ​សម្តេច​ក៏បាន​ព្រមាន​ដក​តួនាទី​រដ្ឋមន្ត្រី​ទាំង​៣​ក្រសួង​នេះ​ផងដែរ ខណៈដែល​សម្តេច បានចាត់ទុក​ការព្យាយាម​សាចទឹក​ដាក់ គ្នា​របស់​រដ្ឋមន្ត្រី​ទាំង​៣​រូប គឺជា​ការខ្វះ​ការខុសត្រូវ​របស់ខ្លួន​ក្នុង​ហេតុការណ៍​នេះ​។

​សូមជម្រាបថា រដ្ឋមន្ត្រី​៣​រូបនោះ បានចេញ​មុខមក​បក​ស្រាយ​ផ្ទុយគ្នា​អំពី​ករណី​ពលរដ្ឋ​ពុល​នៅ ខេត្តក្រចេះ ខណៈដែល​ការបកស្រាយ​របស់​រដ្ឋ​មន្ត្រី​ទាំង​៣​រូបនោះ បាន​បង្ហាញថា ពួកគាត់​គ្មាន សមត្ថភាព​ធ្វើជា​រដ្ឋមន្ត្រី ហើយ​គ្មាន​ការទទួលខុសត្រូវ​សូម្បីតែ​បន្តិច​ក្នុង​ការងារ​ជំនាញ​របស់ខ្លួន បើទោះបី​អ្នកខ្លះ​អះអាងថា ពួកគាត់​ចាស់ៗ អស់ហើយ ដូច្នេះ​រាល់​ការងារ​ដែល​ពួកគាត់​ធ្វើ​លែង អី​នឹងខ្វះ​ចន្លោះ ឬ​ខុសឆ្គង​នោះ ។

ប៉ុន្តែ​អ្នកខ្លះ​ថា ពួកគាត់​រវល់​តែ​គិត​អំពី​ការ​យកចិត្តយកថ្លើម សម្តេច ព្រោះ​ខ្លាច​ធ្លាក់បុណ្យ​ស​ក្កិ ដូច្នេះហើយ​ទើប​កិច្ចការ​ខាងក្រោម​មិនសូវ​ជា​គិតគូរ​ប៉ុន្មាន​នោះ ឡើយ​៕