អាជ្ញាធរ​ខេត្តក្រចេះ ប្រគល់​រង្វាន់ និង​ថវិកា ដល់​កីឡាករ​ប្រណាំង​កង់​មិត្តភាព​កម្ពុជា វៀតណាម ឡាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១១ ធ្នូ ២០១៨ នេះ បាន​ប្រារព្ធ​ពិធី​ប្រគល់​ពានរង្វាន់ និង​ថវិកា ជូន​ដល់​កីឡាករ​ដែល​ទទួល​ជ័យលាភី​លេខ ១ ២ និង​លេខ​៣ ចំនួន​១២​រូប ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​នៅ​ដំណាក់​ទី​១ ពី​ទីក្រុង​ប៊ិ​ញ​ឡុង វៀតណាម មកដល់​ខេត្តក្រចេះ ដែល​ក្នុងនោះ​ក៏មាន​កីឡាករ​កម្ពុជា​ដែរ​។ ពី​ធី​នេះ ក៏បាន​បើក​ព្រឹត្តិ​ការប្រកួត​ដំណាក់​ទី​២ ផងដែរ គឺ​ចេញដំណើរ​ពី​ខេត្តក្រចេះ ឆ្នោះ​ទៅ​ខេត្តស្ទឹងត្រែង រួច​បន្ត​ឆ្លងទៅ​ប្រទេស​ឡាវ ដែលជា​ដំណាក់​ការ​ទី​៣ ហើយ​នៅ​ប្រទេស​ឡាវ គេ​នឹង​បើក​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​បន្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​វិញ ដែលជា​គោលដៅ​ចុងក្រោយ​នៃ​ការប្រណាំង​កង់​មិត្តភាព​កម្រិត​អន្តរជាតិ​នេះ​។​

​សូមបញ្ជាក់ថា ព្រឹត្តិ​កាណ៍​ប្រណាំង​កង់​លក្ខណៈ​អន្តរជាតិ​ជា​លើកដំបូង​នេះ មាន​កីឡា​ករបី​ប្រទេសចូលរួម​ចំនួន ៦៤​នាក់ គឺ​កម្ពុជា វៀតណាម ឡាវ មាន​រយៈពេល​១២​ថ្ងៃ ដោយបាន​​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ពី​ប្រទេស​វៀតណាម និង​បាន​មកដល់​ទីក្រុង​ក្រចេះ ខេត្តក្រចេះ នៅ​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ដដែល ក្នុង​ចម្ងាយ​ផ្លូវ ១៤៤ គឺ​ឡូ​ម៉ែត្រ។​

​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​នេះ បាន​មានប្រសាសន៍​ថ្លែង​អំណ​គុណ​ដល់​អគ្គនាយក​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ VOH ដែល​បាន​ផ្តួចផ្តើម​គំនិត​នេះ​ឡើង ដើម្បីអោយ​ពលរដ្ឋ​ក្នុងខេត្ត​ក្រចេះ បានឃើញ​ពី​របៀបរបប នៃ​ការប្រណាំង​កង់​ខ្នាត​ធំ​កម្រិត​អន្តរជាតិ មាន​ចំងាយ​ផ្លូវ​សរុប​ជិត​២.០០០​គឺ​ឡូ​ម៉ែត្រ វិលជុំ​ពី​ប្រទេស​វៀតណាម ឆ្លងកាត់​ក​ម្ពុ​ជា ឡាវ និង​បន្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​វិញ​។ លោក​ថា អ្វីដែល​គួរ​ឲ្យ​ស្ងើចសេសើរនាពេលនេះ គឺ​កីឡាករ​ទាំងអស់ នៅតែមាន​ទឹកមុខ​ញញឹម​រីករាយ​សប្បាយ ហាក់ដូចជា​គ្មាន​ការនឿយហត់​ក្នុងធាក់កង់ការ​ប្រណាំង​នោះឡើយ​។

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថា ការប្រណាំង​កង់​នេះ គឺ​បាន​បន្ថែម​នូវ​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​ប្រជាជន​នៃ​ប្រទេសជិតខាង​ឲ្យ​កាន់​តែមាន​ភាព​ជិតស្និត ហើយក៏​ជាការ​ចូលរួម​អបអរ​សារ​ទរ នា​ទិវា​ជា​ប្រវត្តិសាស្ត្រ​ជ័យជម្នះ ៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ចង់ ចាំ​ជានិច្ច ដែល​ឈានចូល​មកដល់​នា​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕ ដោយ ៖ ផល្លា