ពលរដ្ឋ​កាន់តែព្រួយបារម្ភ ខណៈបន្លែដែលជាប់សារធាតុគីមីដាក់លក់គ្រប់ទីផ្សារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2019 ក+ ក-

ភ្នំពេញ ៖ បន្លែផ្លែឈើ សឹងសព្វមុខភាគច្រើនមានផ្ទុកសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនៅតែព្រួយបារម្ភចំពោះបន្លែ ផ្លែឈើដែលផ្ទុកសារធាតុគីមីទាំងនោះ ប៉ុន្តែមិនដឹងថាត្រូវបែងចែងយ៉ាងណា បានដឹងថាមួយណាគីមី មួយណាមិន មែនគីមីទេ។ អ្នកជំនាញផ្នែកចំនីអាហារ ណែនាំឲ្យប្រជាពលរដ្ឋត្រាំបន្លែ រឺលាងនឹងទឹកអំបិលដើម្បីកំចាត់សារធាតុគីមី មួយចំណែក។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនៅតែបារម្ភចំពោះបន្លែ ផ្លែឈើដែលផ្ទុក សារធាតុគីមី ដែលបង្កហានិភ័យដល់សុខភាពរបស់ពួកគាត់។ សារធាតុគីមី នេះនៅក្នុងបន្លែ ផ្លែឈើបានធ្វើឲ្យអ្នកទទួលទានក្អូតចង្អោរ រាគរូស ឈឺក្បាល និងអាចបង្កជំងឺផ្នែកខាងក្នុង ដូចជាក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរផងដែរ។ បន្លែ ផ្លែឈើភាគច្រើននៅផ្សារដើមគរ មានប្រភពធំចេញពីប្រទេសចិន និងប្រទេស វៀតណាម ដែលមិនបានដឹងពីការប្រើប្រាស់ថ្នាំកសិកម្ម ជីគីមីលើសកំរិតប៉ុណ្ណានោះទេ។ លោកយាយ ជុំ សុផា ដែលតែងតែមកទិញបន្លែនៅផ្សារដើម គរយកទៅធ្វើម្ហូប បានបង្ហាញក្តីបារម្ភចំពោះសារធាតីគីមីនៅលើបន្លែជាខ្លាំង ព្រោះគាត់កត់សំគាល់ឃើញអ្នកជិតខាងរបស់គាត់រងគ្រោះដោយសារបន្លែ និងផ្លែឈើដែលមានផ្ទុកគីមីពុល។

លោកស្រី ហេង រស្មី ដែលអ្នកលក់បន្លែ២៨ឆ្នាំនៅផ្សារដើមគរ បានកត់សំគាល់ថា បច្ចុប្បន្នបន្លែភាគច្រើនគឺមកពីប្រទេសចិន និងប្រទេសវៀតណាម។ លោកស្រីអះអាងថា បន្លែដែលមកពីចិន និងវៀតណាមមានផ្ទុកសារធាតុគីមី ច្រើនជាងផលិតផលរបស់កសិករខ្មែរ។ ក្នុងនាមជាអ្នកលក់បន្លែ លោកស្រី ក៏ព្រួយបារម្ភពីបញ្ហាសុខភាពដែលកើតចេញពីសារធាតុគីមីនោះដែរ។

អ្នកឯកទេសផ្នែកសុវត្ថិភាពបន្លែ និងផ្លែឈើ លោក រស់ សាត ដែលនាយកគ្រប់ទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន Acta Bio បានពន្យល់ថា គេអាចដឹងបន្លែ រឺផ្លែឈើដែលមានផ្ទុកសារធាតុគីមី តាមរយៈក្លិនឈួលភាយចូលច្រមុះនៅចាប់កាន់ រឺចិតវា។

ដោយឃើញពីក្តីបារម្ភចំពោះបន្លែគីមីនេះ ក្រុមហ៊ុនរបស់លោកបានផ្តើមយុទ្ធ នាការលាងបន្លែថែរក្សាសុខភាពតាមរយៈទឹកលាងបន្លែ Acta Bio ដែលជា ផលិតផល ផលិតនៅប្រទេសកម្ពុជាផ្ទាល់ ដើម្បីលាងបន្លែជូនប្រជាពលរដ្ឋមកទិញបន្លែងនៅផ្សារដើមគរ ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាបានចំណាយថវិកាជាង២០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់នាំចូលបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កម្ពុជានាំចូលបន្លែ ពីក្រៅប្រទេសមានចំនួន ២០០តោន ទៅជាង៤០០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេស វៀតណាមនិងថៃ។ ប៉ុន្តែបច្ចុប្បន្ន បន្លែ ផ្លែឈើភាគច្រើនត្រូវបាននាំចូលពី ប្រទេសចិន៕