ភ្នំពេញ ៖ តែងតែមានការលើកឡើងថា អ្នកដែលមានប័ណ្ណផ្តល់ឈាមហើយ តែបែជាមិនអាច ទទួលបានឈាមមកវិញនៅពេលដែលពួកគេត្រូវការឈាម។ ចំពោះបញ្ហានេះលោក លី សាវិត អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានពន្យល់ថា ជាការពិតឈាមដែល សប្បុរសជនបរិច្ចាគជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺមិនគ្រប់គ្រាន់ទៅនឹងតម្រូវការប្រចាំ ថ្ងៃនោះទេ ដែលជាហេតុបង្កឱ្យកើតមានករណីថា អ្នកធ្លាប់ផ្តល់ឈាម និងមានប័ណ្ណផ្តល់ ឈាម តែមិនអាចទទួលបានឈាមត្រឡប់មកវិញនៅពេលដែលខ្លួនត្រូវការឈាម។
ឆ្លើយតបទៅនឹងករណីនេះ លោក លី សាវិត បានលើកឡើងថា សម្រាប់កម្ពុជាចំនួន អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺមានតិចតួចណាស់ គឺមិនដល់ ៣០%ផង បើធៀបនឹងចំនួន ប្រជាជនកម្ពុជានៅទូទាំងប្រទេស ខណៈដែលតម្រូវការឈាមវិញមិនតិចជាង ២០០ប្លោកទេ ក្នុង ១ថ្ងៃដើម្បីសង្គ្រោះអាយុជីវិតជនរងគ្រោះ និងអ្នកជម្ងឺដែលត្រូវការការចាក់បញ្ចូលឈាម។
អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក លី សាវិត ក្នុងឱកាសទទួលការផ្តល់ ឈាមពីមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹកថ្ងៃទី២៨ មីនានេះ មានប្រសាសន៍ថា ករណី ប័ណ្ណផ្តល់ឈាមបានក្លាយជាបញ្ហាឥតឈប់ឈរ ព្រោះយើងមានលក្ខខ័ណ្ឌថា អ្នកដែលបាន ផ្តល់ឈាម គឺត្រូវទទួលបានប័ណ្ណផ្តល់ឈាម ហើយនៅពេលត្រូវការឈាមវិញ ពួកគេនឹង ទទួលបានឈាមមកវិញដោយឥតគិតថ្លៃ តែក្នុងពេលខ្លះ គឺនៅពេលដែលយើងគ្មានឈាមក្នុង ស្តុកវិញ យើងគ្មានអ្វីផ្តល់ជូនពួកគាត់ទេ ដែលជាមូលហេតុបង្កឱ្យមានការថ្នាំងថ្នាក់ ហើយអ្នក ខ្លះរហូតលែងចូលរួមផ្តល់ឈាមថែមទៀតផង។ លោក លី សាវិត ថាការយល់ឃើញបែបនេះ គឺជាការយល់ឃើញដោយខុសឆ្គង ព្រោះថា ក្នុង១ថ្ងៃយើងត្រូវការឈាមជាង ២០០ប្លោកដើម្បី ជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺដែលត្រូវការការចាក់បញ្ចូលឈាម ខណៈដែលអ្នក ផ្តល់ឈាមនៅទូទាំងប្រទេសមានមិនដល់ ៣០%ផង ហើយបើនិយាយពីប្រទេសជិតខាង យើងវិញមានអ្នកស្ម័គ្រចិត្តផ្តល់ស្ទើរតែ ១០០%ទៅហើយនោះ។
អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន មានប្រសាសន៍ថា អគ្គលេខាធិការ ដ្ឋានរដ្ឋសភាតែងតែជម្រុញឱ្យមន្ត្រីរបស់ខ្លួនស្ម័គ្រផ្តល់ឈាម ដើម្បីកិច្ចការមនុស្សធម៌ ហើយ នេះជាលើកទី៦ហើយ ដែលមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ឈាមជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដោយស្ម័គ្រចិត្ត៕