ក្រសួងសង្គមកិច្ចទុកពេល៣ខែឲ្យសាលានៃក្តីសង្ឃឹមខេត្តព្រះសីហនុ រើអីវ៉ាន់ចេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2019 ក+ ក-

ក្រុងព្រះសីហនុ ៖ រដ្ឋបាលសាលារៀននៃក្តីសង្ឃឹមក្នុងខេត្តព្រះសីហនុ បានអះអាងថា គិតមកទល់បច្ចុប្បន្ន សាលារបស់ខ្លួនបានដំណើរការបំពេញតាមគោលនយោបាយរាជរដ្ឋាភិបាលអស់ពេលជិត២០ឆ្នាំមកហើយ ដោយបណ្ដុះបណ្ដាលសិស្សក្រីក្រ និងចិញ្ចឹមកុមារកំព្រាប្រមាណ៧ម៉ឺននាក់ ស្រាប់តែឥឡូវនេះ ក្រសួងសង្គមកិច្ចបានបញ្ជាឲ្យលោកគ្រូ អ្នកគ្រូ រៀបចំឯកសាររើចេញពីក្នុងសាលានេះ ដោយដាក់ឱសានវាទបញ្ចប់ការរុះរើ ត្រឹមរយៈពេល៣ខែ ប៉ុណ្ណោះ។ នេះបើតាមការបង្ហោះសារនៅក្នុងគេហទំព័ររបស់សាលា កាលពីដើមខែសីហា កន្លងមកនេះ។

បន្ទាប់ពីមានករណីបង្ហោះសារនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងនោះ បានប្រកាសចុះស៊ើបអង្កេត ហើយបានចាត់ទុកថា ករណីនេះគឺជារឿងអំពើពុករលួយមួយ ដែលឃុបឃិតជាប្រព័ន្ធក្នុងចេតនាយកដីសាលាដែលមានទំហំជាង ១ហិកតានេះ លក់ឲ្យក្រុមហ៊ុនឯកជន ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបន្តថា ការដាក់ឱសានវាទឲ្យសាលានៃក្តីសង្ឃឹមដែលបានបង្រៀនសិស្សជាយូរឆ្នាំរើចេញនេះ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះសាលានេះបានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងបានចូលរួមជួយសង្គមយ៉ាងច្រើនរួចមកហើយ។ លោកថា លោកនឹងដាក់របាយការណ៍ស្រាវជ្រាវករណីនេះទៅសម្តេច នាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយ ដើម្បីសុំអន្តរាគមន៍។

លោក ភុំ ណារិទ្ធ នាយកសាលានៃសេចក្តីសង្ឃឹម បានប្រាប់ថា ក្រសួងសង្គមកិច្ចបានប្រើល្បិចកលទុច្ចរិតបញ្ឆោតឲ្យប្រធានអង្គការរបស់លោក ដែលជាជនបរទេសមិនចេះភាសាខ្មែរ ចុះហត្ថលេខាលើឯកសារសរសេរជាអក្សរខ្មែរក្នុងការផ្ដល់ដីសាលាជូនទៅក្រសួងសង្គមកិច្ច ខណៈដីជាង១ហិកតានេះ អង្គការបានដោះដូរជាទឹកប្រាក់ពីប្រជាពលរដ្ឋ និងបន្តកាន់កាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ។

មន្ត្រីសង្គមកិច្ចខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែសីហា នេះ ភ្នាក់ងារព័ត៌មាន« កម្ពុជា ញូវផ្លេស» មិនទាន់អាចទាក់ទងដើម្បីសុំការពន្យល់ឆ្លើយតបទៅនឹងការលើកឡើងនោះ បាននៅឡើយទេ។

គួរជម្រាបជូនដែរថា ខណៈក្រសួងសង្គមកិច្ច បញ្ជាឲ្យរុះរើដើម្បីយកដីសាលានៃក្តីសង្ឃឹមទំហំជាង ១ ហិកតា នៅខេត្តព្រះសីហនុ នេះ បានធ្វើឡើងស្របពេលគ្នានឹងការបញ្ជាឲ្យសាលាអង្គការមួយកន្លែងនៅក្នុងរាជធានីភ្នំពេញឈ្មោះ« សាលារៀនទន្សាយ» ដែលបើកបង្រៀនក្មេងមានបញ្ហា អូទីសឹម ត្រូវរើចេញពីតាំងដីរបស់ក្រសួងដូចគ្នាដែរ៕