សភាកម្ពុជា ឡាវ និងវៀតណាម បើកកិច្ចប្រជុំលើកទី៤ នៅភ្នំពេញរយៈពេល៤ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរបស់រដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ ៖ តួនាទី ភារកិច្ច ក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មា ធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩។

លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ដែល មានការចូលរួមពីប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរបស់រដ្ឋសភា នៃព្រះរាជាណា
ចក្រកម្ពុជា ដែលត្រូវធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ លទ្ធផលការងារ និងទិសដៅអនុវត្ត បន្ត ក្នុងការរក្សាសន្តិសុខតាមបណ្តោយព្រំដែន- វឌ្ឍនភាព និងតួនាទី ភារកិច្ច របស់គណៈកម្មការ/គណៈកម្មាធិការ ក្នុងការពិនិត្យតាមដាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព និង មិត្តភាព,ការពិនិត្យ,ពិភាក្សានិងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤នេះជាដើម។

នៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក បៃ ឌឹកហាញ់ មេបញ្ជាការរងកងទ័ពការពារព្រំដែន និងជាតំណាង ក្រសួងការពារជាតិវៀតណាម បានថ្លែងអះអាងថា នៅតាមព្រំដែនវៀតណាម-កម្ពុជា បូរណភាពទឹកដីមានស្ថេរភាព ជាធម្មតា។ ប្រទេសទាំងពីរបានបន្តពន្លឿនដំណើរការបោះបង្គោលព្រំដែន និងការងារបោះបង្គោលខណ្ឌសីមា
ដើម្បីសម្រេចគោលដៅ នៃការបញ្ចប់ឯកសារបោះបង្គោលព្រំដែន និងខណ្ឌសីមា។ លោកថា មកទល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានកំណត់ការបោះបង្គោលព្រំដែនលេខ ៣១៧ និង ៣៧១ សម្រេចបានប្រមាណ ៨៥,៤% បានសាងសង់បង្គោលព្រំដែនលេខ ៣១៥ និង ៣៧១ សម្រេចបានប្រមាណ ៨៤,៩០% មានប្រវែង ១០៤២ លើ ១១ ៣៧ គ.ម គឺប្រហែល ៩១,៦០% បានបោះរួចរាល់ហើយ។

ថ្លែងបើកកិច្ចប្រជុំជាផ្លូវការកាលពីព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត ងួន ញុិល បានគូសបញ្ជាក់ថា កិច្ចប្រជុំលើក ទី៤ ស្តីពី “តួនាទី ភារកិច្ច ក្នុងការពិនិត្យតាមដានរបស់គណៈកម្មការជំនាញរបស់រដ្ឋសភាទទួលបន្ទុកវិស័យការពារ ជាតិ និងសន្តិសុខនៃប្រទេសទាំងបីក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយ សន្តិភាព និងមិត្តភាព” នាពេលនេះ ជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់ និងស្របទៅនឹងបរិបទរបស់ប្រទេសយើង ទាំងបី ក៏ដូចជាស្របទៅនឹងបរិបទតំបន់ និងសកលលោក ដែលកំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។ ឯកឧត្តមថា វិស័យសន្តិសុខ និងការពារជាតិ ជាវិស័យមួយដ៏មានសារៈសំខាន់ និងជាបុរេលក្ខណៈដ៏ចាំបាច់បំផុត ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិនៅគ្រប់កាលៈទេសៈ និងនិយាយដោយឡែក សម្រាប់ការជំរុញ និងគាំទ្រដល់ កិច្ចអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសទាំងបីបាន និងកំពុងយកចិត្តទុកដាក់ ខ្ពស់ សំដៅធ្វើយ៉ាងណាប្រែក្លាយពីតំបន់ដែលមានការអភិវឌ្ឍតិចតួច ឲ្យទៅជាតំបន់ប្រកបដោយសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ឈានទៅលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ឲ្យកាន់តែមានភាពប្រសើរឡើង៕