សម្តេចនាយករដ្ឋមន្ត្រី បង្ហោះសារពីស្ថានភាពជំងឺរបស់ម្តាយក្មេក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញរូបភាព និងបញ្ជាក់អំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចដែលកំពុងស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

ការបញ្ជាក់របស់សម្តេចតេជោ នៅព្រឹកនេះ បន្ទាប់ពីមាន Facebook មួយបានយករូបថតម្តាយក្មេកសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមន្ទីរពេទ្យសិង្ហបុរី កាលពី១១ឆ្នាំមុនមកបង្ហោះ បង្កើតឲ្យមានការភ័ន្តច្រឡំ។

សម្តេចតេជោ បានសរសេរថា «ម្សិលមិញមានហ្វេកបុកមួយ បានយករូបថតម្តាយក្មេកខ្ញុំ និងភរិយាខ្ញុំកាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសង្ហិបុរីមកបង្ហោះ ធ្វើឱ្យមានការភ័ន្តច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយ ឬបានធូរស្រាលហើយដែលធ្វើឱ្យខ្ញុំជួបការលំបាក ក្នុងការបកស្រាយពីរឿងខ្ញុំលុបចោលការទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។

ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពជំងឺម្តាយក្មេក ខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ ដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។ សូមជូនរូបភាពមួយចំនួនពីម្សិល និងព្រឹកថ្ងៃនេះ២៤ និង២៥ វិច្ឆិកា ២០១៩»៕