ព្រះមហាក្សត្រ និងសម្តេចមហាក្សត្រី យាងថ្វាយព្រះអគ្គីសពសម្តេចរាជបុត្រី បុប្ផាទេវី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

ភ្នំពេញ : ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវដង្ហែពីវត្ដបទុមវតីរាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ ឆ្លងកាត់មហាវិថីនានា មុននឹងឆ្ពោះទៅកាន់មុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ប្រជាពលរដ្ឋ មានការសោកស្តាយចំពោះការបាត់បង់សម្តេចព្រះរាជបុត្រី សម្តេចព្រះរាម ដែលមានស្នាព្រះហស្ថជាច្រើនសម្រាប់វិស័យវប្បធម៌របស់កម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត ម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ បានយាងថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ពិធីដង្ហែព្រះរបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គេសង្កេតឃើញមហាជនបានអញ្ជើញចូលរួមដង្ហែ ដើម្បីថ្វាយព្រះដំណើរជាលើកចុងក្រោយ។ បងប្អូនប្រជាពលរដ្ឋ បានចូលរួមដង្ហែព្រះរបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាលើកចុងក្រោយ បានសំដែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ សម្តេចព្រះរាជបុត្រី ដែលមានស្នាព្រហស្ថជាច្រើន ក្នុងវិស័យវប្បធម៌។

សម្តេចនាយករដ្ឋមន្ត្រី នាពេលកន្លងទៅនេះ បានបញ្ជាក់ថា ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដ៏ឧត្តុង្គឧត្តម ដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វតល្វៃ ទ្រង់ពេញព្រះហឫទ័យនឹងនាដកម្ម ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក»។

សូមជម្រាបថា សម្ដេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី បានសោយព្រះពិរាល័យ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យទីក្រុងបាងកកព្រះរាជាណាចក្រថៃ ដោយជរាពាធ ក្នុងព្រះជន្ម៧៦។ ព្រះសពព្រះអង្គ ត្រូវបានដង្ហែចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅវត្តបុទុមវតី កាលពីយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕