ជប៉ុនកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

អូស្លូ ប្រទេសណ័រវេស្ស ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ លោកទេសរដ្ឋមន្ត្រី លី ធុជ បានជួបពិភាក្សាការងារជាមួយលោកស្រី OMI Asako, អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសជប៉ុន។

លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់នូវការយកចិត្តទុកដាក់និងផ្តល់នូវជំនួយជាបន្តបន្ទាប់លើវិស័យបោសសម្អាតមីននៅកម្ពុជា ជាពិសេសការផ្តល់កិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ លោកទេសរដ្ឋមន្ត្រី បានស្នើសុំរដ្ឋាភិបាលជប៉ុនបន្តជួយវិស័យបោសសម្អាតមីននៅកម្ពុជា ដើម្បីកម្ពុជាមានលទ្ធភាពសម្រេចបាននូវគោលដៅ កម្ពុជាអស់ការគម្រាមដោយសារមីននៅឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ លោកស្រីសំដែងនូវការកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានទទួលយកសំណើរបស់កម្ពុជាដាក់បញ្ចូលទៅក្នុងរបៀបវារៈ សម្រាប់ជជែកពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ៕