ភ្ជង់កាំភ្លើងប្លន់យកម៉ូតូស្កុបពីស៊េរីឆ្នាំ២០២០ទាំងព្រឹកនៅខណ្ឌពោធិសែនជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HI 5464 យកទៅបាត់។ ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្លូវលំម្តុំលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឡាយ ពៅ អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេស្នាក់នៅម្តុំកើតហេតុខាងលើ។

បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូដែលទើបនឹងទិញមកបានមួយសប្តាហ៍ និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញ។ ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅឲ្យម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រ លុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ នោះឡើយ។

ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕