១១ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជាជាង១លាននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលទទួលបាននៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងសៀមរាបបានទទួលពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារជាង១លាននាក់។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកុមារចំនួន៩០៤,៣៦៦ ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ, កុមារចំនួន១៩១,២៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣៣,៩៤៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤,៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម (ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ)។ លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០នាក់៕