ក្រុមហ៊ុនធំៗចំនួន៣៥ មកពីប្រទេសចិនសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2019 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូមកពីពីសាធារណរដ្ឋប្រជាមានិតចិន និងបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តក៏បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ។ បន្ថែមលើនេះលោកអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិនជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

គណៈប្រតិភូបានរីករាយ និងទទួលសំណូមពររបស់លោកអភិបាលខេត្ត យកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមក និងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ៕