គ្រួសារសពពលករខ្មែរដែលស្លាប់ដោយជំងឺនៅប្រទេសកូរ៉េ ទទួលបានអំណោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានការណែនាំពី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ  លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូន និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពពលករខ្មែរម្នាក់ឈ្មោះ ពក ពឿន (ហៅ ប៊ុនថាន) ដែលបានស្លាប់ដោយជំងឺនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីសាកសពត្រូវបានបញ្ជូននាំយកទៅធ្វើពិធីបុណ្យនៅស្រុកកំណើត ស្ថិតក្នុងភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែមានការយកចិត្តទុកដាក់ អាណិតអាសូរ ដោយក្តីស្រលាញ់ ចំពោះជនរងគ្រោះ ដោយមិនមានការរេីសអេីងអ្វីឡើយ ដូចជាការបាត់បង់អាយុជីវិតរបស់ពលករនាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តាំងឲ្យថ្នាក់ដឹកនាំខេត្ត ចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយមួយចំនួន ដេីម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនេះ ផងដែរ។

អំណោយដែលត្រូវផ្តល់ជូនក្រុមគ្រួសារសពរួមមាន ថវិកាចំនួន៥លានរៀល អង្គរ១០០គីឡូក្រាម មី០៥កេស ទឹកក្រូច០៥កេស ត្រីខ០៥យួរ ទឹកត្រី០៥យួរ និងទឹកស៊ីអ៊ីវ០៥យួរ ព្រមទាំងបានឧបត្ថម្ភដល់ លោកយាយលោកតា ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀលផងដែរ ។

គួរបញ្ជាក់ថា ពលករ ឈ្មោះ ពក ពឿន( ហៅប៊ុន ថាន) ភេទប្រុស អាយុ២២ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅសាធារណៈកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហេីយសពត្រូវបានយកមកដល់ស្រុកខ្មែរវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕ ដោយ ៖ ប៉ែន សុផល