អូស្ត្រាលីត្រៀមខ្លួនជាស្រេចក្នុងការបន្តចូលរួមចំណែកជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោកជំទាវ អេនជែលឡា កូកូរ៉ាន (Angela Cocoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ចប់អាណត្តិ ចូលជួបជម្រាបលា នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកជំទាវទូត​​​​បានសម្ដែងនូវអំណរគុណ ចំពោះមេដាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់ជូនលោកជំទាវ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីន។ លោកជំទាវ ក៏បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំង ជូនដល់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាទីបំផុត។

លោកជំទាវលើកឡើងថា លោកជំទាវបាន​មកកម្ពុជាកាលពីឆ្នាំ១៩៩៣-៩៤ ហើយនៅពេលនោះ​ ភ្នំពេញមានការអភិវឌ្ឍគួរជាទីមោទនៈទីបំផុត។ ជាងនេះទៀត ជំទាវក៏បានសម្តែងនូវការសប្បាយរីករាយ ដែល​អូស្ត្រាលី បានចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា អោយមានការរីកចម្រើន រហូតដល់ថ្ងៃនេះ ហើយលោកជំទាវ ក៏បានសម្ដែងជូនសម្ដេចតេជោផងដែរថា ​រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តចូលរួមចំណែក ក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេច ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ជាពិសេស រវាងយុវជននិងយុវជន របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ​ បានសម្ដែងនូវការរីករាយ និងអរគុណផងដែរ ចំពោះការបំពេញបេសកកម្ម របស់លោកជំទាវ អេនជេឡា នៅកម្ពុជា ដោយបេសកម្មរបស់លោកជំទាវ បានជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ​ ក្នុងនោះ លោកជំទាវ បានជំរុញឲ្យមានរៀបចំ ការប្រជុំកំពូល នៅ​អូស្ដ្រាលី, ជំរុញទំនាក់ទំនង រវាងយុវជននិងយុវជន និងដំណើរទស្សនកិច្ចសិក្សា របស់យុវជនអូស្ត្រាលី មកកាន់កម្ពុជា, ហើយនិងជំរុញឲ្យមានការអនុញ្ញាត នាំចូលទំនិញប្រមាណ៩៧ភាគរយ ពីកម្ពុជាចូលទៅអូស្ត្រាលី។

សម្ដេចតេជោ បានមានប្រសាសន៍ថា នេះគឺជាមូលដ្ឋានដ៏ល្អ ដែលយើងអាចលើកស្ទួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមក បានជួយដល់កម្ពុជាយើង ជាពិសេសលើវិស័យកសិកម្ម, ការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ​ដែលជួយធ្វើការស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជា ទទួលបានលេខ ១ នៅក្នុងឆាកអន្តរជាតិ៕