ពលរដ្ឋជិត ៣០នាក់ នៅស្រុកពួក ខេត្តសៀមរាប ពុលត្រីប្រៃកំពិស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ខេត្តសៀមរាប ​៖​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ បាន​ពុល​ត្រី​ប្រៃ​ចំនួន​២៨​នាក់​ (​ស្រី​១៦​នាក់​)​ ធ្ងន់​០២​នាក់​ (​ស្រី​២​នាក់​)​ ដែលករណីនេះកើតឡើងកាលពី​ថ្ងៃ​ចន្ទ​ ០៦​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ចន្លោះ​ ពី​ម៉ោង​១១​ និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១៤​ និង​០០​នាទី​។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បានឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​ ពី​ឈ្មោះ​ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​គោក​ជួន​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ដែល​ដាក់​លក់​នៅ​ផ្សារ​ពួក​យក​ទៅ​បរិភោគ​ជាមួយនឹង​បន្លែ​ត្រប់​ ព​ពាយ​ និង​បាយ​។ តែមិនឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។

​ក្រោយ​បរិភោគ​បាយ​រួច​ ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ​ ពួក​គាត់​ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រា​ មណ្ឌល​សុខភាព​ខ្នាត​ និង​ទឹក​វិល​។​ លោកបញ្ជាក់ថា ​ករណីពុលនេះ មានមនុស្សរងគ្រោះនៅក្នុងឃុំពួក មានចំនួន ២១នាក់ រួមមាន ៖ ភូមិប្រយុទ្ធ ចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៦នាក់, ភូមិគោក ស្រុកចំនួន០៥នាក់ ស្រីទាំងអស់, ភូមិកំពង់តាយ៉ងចំនួន ០១នាក់ និងភូមិចំបក់ហែ ចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និងភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ០៣នាក់។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ចុះ​ពិនិត្យ​ និង​ស្រាវជ្រាវ​ករណី​ខាងលើ​៕