ប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃចំពោះបេសកកម្មការទូតអូស្ត្រាលីរបស់លោកជំទាវ Angela Corcoran
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា កន្លងមកនេះពិតជាមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយក្រសួង ស្ថាប័ន ជាពិសេស បានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Angela Corcoran ចូលជួបសម្តែងការគួរសមនិងជម្រាបលា កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ នេះ នៅវិមានព្រឹទ្ធសភា បន្ទាប់ពីលោកជំទាវត្រូវបានបញ្ចប់បេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវ Angela Corcoran បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរមកដល់ពេលមានរយៈពេល៦៧ឆ្នាំ។ តាមរយៈទំនាក់ទំនងនេះប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖វិស័យការពារជាតិ ពាណិជ្ជកម្ម អប់រំ ជាពិសេសទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតនៅកម្ពុជា ទទួលបានជោគជ័យ ក៏ដោយសារមានការគាំទ្រពី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យ ហើយលោកជំទាវនឹងជម្រាបទៅឯកអគ្គរដ្ឋទូតអូស្រា្តលីថ្មី ដើម្បីបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបន្តទៅទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អប់រំ សុខាភិបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលបច្ចុប្បន្ននេះ មាននិស្សិតជាងពីរពាន់នាក់ ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី៕