អគ្គលេខាធិកាអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បំពេញទស្សនកិច្ចនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមុខតំណែងជាអគ្គលេខធិការនៃអង្គការ OIF។ ដំណើរទស្សនកិច្ចរបស់លោកជំទាវ មានរយៈ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា។

សម្រាប់ថ្ងៃទី០៣ ខែធ្នូនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួង។

បើតាមអ្នកនាំពាក្សក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជំទាវ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកជំទាវចូលកាន់តំណែង ជាអគ្គលេខាធិការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មកនេះ។ ទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាត អភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនដ៏សំខាន់មួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកជំទាវ និងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយក៏ជួបសម្តែងការគួរសម ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីនេះលោកជំទាវក៏នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទអង្គរ និងចូលរួមសិក្ខាសាលាតំបន់ ស្តីពី សកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិកនិងក្រសួងអប់រំ យុវជន និងកីឡា ហើយក៏គ្រោងទស្សនាថ្នាក់រៀនពីរភាសា នៃសាលាបឋមសិក្សាវត្តបូផងដែរ។

សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា។ បច្ចុប្បន្ន អង្គការ OIFបានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ នងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន៥៤ មិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍ចំនួន២៧៕