ប្រមុខការទូតកម្ពុជាស្នើនិស្សិតជាប់អាហារូបករណ៍ យកចំណេះដឹងពីបរទេសមកបំរើជាតិរបស់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ចំនួន ៣៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ផ្សេងៗ រួមមាន ៖ និស្សិតអាហារូបករណ៍ទៅអូស្រ្តាលី ២១នាក់ និងនិស្សិតអាហារូបករណ៍ទៅ ណូវែលហ្សេឡង់ ចំនួន ១៦នាក់។

បើតាមប្រសាសន៍ លោក កុយ គួង  អ្នកនាំពាក្សក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួននោះថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរកអាហាររូបករណ៍ ជូនដល់និស្សិតកម្ពុជា ដែលមានបំណងទៅបន្តការសិក្សានៅក្រៅប្រទេស។ លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានជាប់អាហាររូបករណ៍ទៅអូស្រ្តាលីនិងណូវែលហ្សេឡង់នៅពេលនេះ ថាពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ប្រទេសជាតិ ដែលមានយុវជន មានសមត្ថភាព ជាសក្កដានុពល ដ៏ល្អរបស់ប្រទេសទៅថ្ងៃខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិ ស្វែងយល់ពីអាកាសធាតុ ប្រពៃណី រៀបចំសម្លៀកបំពាក់សម្រាប់រស់នៅ ក្នុងនោះក៏ ត្រូវស្វែងយល់ពីការរស់នៅ ការប្រើប្រាស់ភាសារ ដើម្បីអាចសម្របខ្លួនបាន ពិសេស ខិតខំរៀនសូត្រ ទទួលយកទាំងចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ ដែលគេមាន នាំយកមកបំរើប្រទេសជាតិរបស់យើង។ លើសពីនេះត្រូវចេះគ្រប់គ្រងខ្លួន មានសាមគ្គីភាព ចេះជួយយកអាសាគ្នា ហើយត្រូវតាំងខ្លួនជាតំណាងឱ្យជនជាតិខ្មែរទាំងមូល ត្រូវរក្សាតម្លៃ កិត្តិយសជាខ្មែរ បំពេញតួនាទីជាអ្នកផ្សព្វផ្សាយអំពីភាពរុងរឿងរបស់ខ្មែរលើគ្រប់វិស័យ ឱ្យបានទូលំទូឡាយ ជាពិសេស វប្បធម៌និងទេសចរដ៏សម្បូបែបរបស់យើងឱ្យបរទេសគេបានដឹង បានយល់ និងមកកំសាន្ត។

លោក ប្រាក់ សុខុន បញ្ជាក់ថា ដើម្បីក្លាយខ្លួនជាអ្នកនាំដ៏ល្អ សម្រាប់ប្រទេសជាតិ ត្រូវផ្តើមចេញពីកិច្ចខិតខំកសាងខ្លួនឱ្យបានល្អ ខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ មានទស្សនជាតិនិយម ជាមនុស្សស្អាតស្អំ និងមានចំណេះដឹងខ្ពង់ខ្ពស់។ជាមួយគ្នានោះ តំណាងក្រុមនិស្សិត ក៏បានប្តេជ្ញាទទួលយកនូវអនុសាសន៍ល្អៗទាំងនេះ ទៅអនុវត្តឱ្យបានល្អ ក្នុងនាមជាកូនខ្មែរ ដើម្បីនាំមកវិញនូវចំណេះ ជំនាញដ៏ពិតប្រាកដមកបំរើប្រជាជន និងប្រទេសជាតិរបស់ខ្លួននាពេលអនាគត៕