លោក នេត ភក្ត្រា អំពាវនាវឲ្យចូលរួមអនុវត្តមេត្រីភាពបរិស្ថានដើម្បីទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវឲ្យប្រជាជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តមេត្រីភាពបរិស្ថាន ដើម្បីទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិកនៅកម្ពុជា និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងរួមចំណែកការពារអេកូឡូស៊ី។

ថ្លែងក្នុងវេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា នៅ សណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី៣ ខែធ្នូ នេះ លោក នេត្រ ភក្ត្រា រដ្ឋលខាធិកាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយ ប្លាស្ទិកនេះវាបានបំផ្លាញ និងបំពុលធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ ជីវិតសត្វសមុទ្រ បរិស្ថានធម្មជាតិ និងបង្កហានិភ័យដល់សុខភាពសាធារណៈ ដូច្នោះការចូលរួមរបស់ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នពាក់ព័ន្ធគឺកត្តាចាំបាច់បំផុត។ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ដោយសារកង្វះការចូលរួម របស់ពលរដ្ឋ ក្នុងការញែកសំរាម ធ្វើឲ្យសំណល់ដែលយកទៅបោះចោលនៅ ទីលានចាក់សំរាម គឺមានបរិមាណច្រើន មិនអាចកែច្នៃបាន។

ក្នុងចំណោម សំរាម១០០ភាគរយ មាន៧០ទៅ៨០ភាគរយ ត្រូវបានយកទៅចាក់ចោល នៅគំនរសំរាម ដោយគ្មានការច្នៃអ្វីបានសោះ។ លោកលើកចិត្តពលរដ្ឋឲ្យញែកសំរាមទៅតាមប្រភេទ ដូចជាសំណល់សរីរាង្គ សំណល់ប្លាស្ទីក និងសំណល់ គ្រោះថ្នាក់ នោះសំណល់សរីរាង្គ អាចធ្វើជាជីកំប៉ុស នោះសំណល់នឹងត្រូវកាត់ បន្ថយនៅចាក់ចោល ដោយគ្មានកែច្នៃ។

សូមជម្រាបដែរថា រាជធានីភ្នំពេញផលិតសំរាមច្រើនជាងគេគឺ ប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះ២០ ភាគរយជាសំណល់ប្លាស្ទិក ចំណែកក្រុងព្រះសីហនុ មានប្រមាណ៧០០តោន ក្នុងមួយថ្ងៃក្នុងនោះ៣៤ភាគរយជាសំណល់ប្លាស្ទិកនិងក្រុងសៀមរាបប្រមាណ៤០០តោនក្នុងមួយថ្ងៃ ក្នុងនោះ២០,៧ភាគរយជាសំណល់ប្លាស្ទិក។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានសំណល់សំរាម ក្នុងមួយឆ្នាំមានប្រមាណជាង៤លានតោន ក្នុងនោះប្រមាណ២០ ភាគរយជាសំណល់ប្លាស្ទិក ៕