សម្តេចតេជោ ៖ ចំពោះមុខ ភ្នំពេញមានបញ្ហាបួនដែលត្រូវដោះស្រាយមុនអភិវឌ្ឍន៍ទីក្រុងថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖  នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាធំរបស់រាជធានីភ្នំពេញបច្ចុប្បន្ន មានចំនួន ៤ ដែលត្រូវដោះស្រាយបន្ទាន់ មុនអភិវឌ្ឍន៍ទីក្រុងថ្មី រួមមាន ៖ ចរាចរណ៍ ចំណតរថយន្ត សំរាម និងទឹកកខ្វក់។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅព្រឹកម៉ិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបានបញ្ជាក់ជូនគណៈប្រតិភូអភិបាលក្រុងនិយាយភាសាបារាំងថា ភ្នំពេញទាំងមូលកាលពីពេលមុន មិនមែនបញ្ហាប្រឈមច្រើននោះទេ មានតែបញ្ហាគ្មានមនុស្សរស់នៅ ពុំមានចរាចរណ៍ទៅមក។

ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាធំចំនួនបួន ដែលត្រូវដោះស្រាយបន្ទាន់។ ទី១ គឺបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ។ ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូទាំងមូលថា សម្ដេច បានណែនាំ លោកអភិបាល ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ ទី៣ គឺបញ្ហាសំរាមដែលកំពុងតែប្រឈម។ សម្ដេចលើកឡើងថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។ សម្ដេចបន្តថា កម្ពុជាដើម្បីដោះស្រាយបញ្ហានេះ កំពុងជំរុញ ឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែច្នៃសម្រាមឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ។

បញ្ហាចុងក្រោយគឺបញ្ហាទី៤. បញ្ហាសំណល់រាវ រាជធានីភ្នំពេញ ដែលមានកំពស់ទាប ហើយការបង្ហូរសំណល់រាវទៅទន្លេ ទៅបឹងបួរនោះពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្ម ឬអាងចម្រោះទឹកកខ្វក់ បានត្រឹមត្រូវនៅឡើយ។ សម្ដេចតេជោ មានប្រសាសន៍ថា បញ្ហាទាំងនេះគប្បីណា   យកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ជាមួយនឹងបញ្ហាប្រឈមនេះ សម្តេចតេជោ បានលើកឡើងដែរថា កម្ពុជាមានបញ្ហាប្រឈមនេះ គឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះសោតទៀត គឺបានមកអំពីកត្តាសុខសន្តិភាព ស្ថេរភាព ។ ទាំងនោះគឺជាកត្តាទាក់ទាញនៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។

លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា អភិបាលក្រុងនានាដែលបានមកដល់កម្ពុជា សង្កេតឃើញថា រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ និងមានភាពស្រស់បំព្រង ត្បិតតែគណៈប្រតិភូទើបមកដល់កម្ពុជាលើកដំបូងក៏ដោយ។ លោកនិងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ ដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់៕