សម្តេចតេជោ ប្រាប់ទូតថ្មីស៊ុយអែត ថា អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2019 ក+ ក-

ភ្នំពេញ ៖  នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី ស៊ុយអ៊ែត ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។ សម្តេចតេជោ បញ្ជាក់ថា ស៊ុយអែត បានចូលរួមចំណែកជាច្រើន ក្នុងដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហម និងការអភិវឌ្ឍកម្ពុជា។

លោក  Bjorn Haggmark មានប្រសាសន៍ថា ឯកឧត្តម បានស្វែងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ លោក បានមានប្រសាសន៍ថា ប្រទេសស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម ហើយស៊ុយអែតក៏បានផ្ដល់ជំនួយមកកម្ពុជា តាមរយៈជំនួយមនុស្សធម៌។ ពិសេសស៊ុយអែត បានចំណែកជួយដល់កម្ពុជានៅក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោក បានមានប្រសាសន៍ថា បេសកកម្មកាទូតរបស់លោក មកកាន់កម្ពុជាលោកនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់និងពង្រីកទំនាក់ទំនងដែលមានស្រាប់ ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាពិភពលោក បញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្ម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ប្រជាជន និងរដ្ឋាភិ    បាលស៊ុយអែត ដែលតែងតែជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ ទាំងការអភិវឌ្ឍន៍។ សម្ដេចតេជោ បានលើកឡើងថា ប្រទេសស៊ុយអែតជាប្រទេសមួយ ដែលមិនទទួលស្គាល់រដ្ឋាភិបាលអតីតខ្មែរក្រហមអង្គុយនៅកៅអីអន្តរជាតិ នោះទេ ហើយបានអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកហូមថែមទៀត។ ចាប់ពី១៩៨៤ ស៊ុយអែត បានចាប់ផ្ដើមផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ។

សម្ដេចបានបញ្ជាក់ថា អាទិភាពរបស់រាជាណាចក្រកម្ពុជា គឺកត្តាសុខសន្តិភាពនិងស្ថេរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយ មហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាពីប្រទេស មានចំនូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕