អភិបាលខេត្តកណ្តាល ៖ សុវត្ថិភាពចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈ ដែលទាមទារឲ្យមានការដោះស្រាយបន្ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2019 ក+ ក-

ខេត្តកណ្តាល ៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល ខេត្តកណ្តាល និងជាប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តកណ្តាលបានលើកឡើងថា សុវត្ថិភាពចរាចរណ៍ ជាបញ្ហាសុភាពសាធារណៈ ដែលជាអាទិភាពចំបង ទាមទារឲ្យមានការដោះស្រាយ ជាបន្ទាន់។ ការលើកឡើងរបស់អភិបាលខេត្តបែបនេះធ្វើឡើងក្នុងទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណង នៃការប្រារព្ធ ទិវានេះឡើងគឺមិនគ្រាន់តែ ចូលរួមរំលឹក ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ ស្មារតីប្រជាជនឲ្យយល់ដឹង អំពីហានិភយ័ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីបើកបរធ្វេសប្រហែស មិនគោរព ច្បាប់ចរាចរណ៍ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរ ក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។

លោកបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួម ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរឹតទាបតាម បំណងរបស់រាជរដ្ឋាភិបាល និងអង្គការ សហប្រជាជាតិ ដែលកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខេត្តកណ្តាល បានអោយដឹងថា ក្នុងរយះពេល ៩ខែ ឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅទឹកដី ខេត្តកណ្តាល មានចំនួន ១៦៩លើក ថយចុះ ៧លើក ស្មើនិង ៤% ក្នុងនោះ កំរឹតស្រាល ចំនួន ៥៨លើក បណ្តាលអោយ មនុស្សចំនួន ១១៩នាក់ ថយចុះចំនួន៤នាក់ ស្មើនិង៣% ក្នុងនោះស្រីចំនួន ១៥នាក់។
សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំ និមន្តព្រសង្ឃ បង្សុកូល ឧទ្ទិសដល់ជនរងគ្រោះ ដែលបាន បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាព ផងដែរ៕