​ទំនិញក្លែងក្លាយ​ចំនួន១២មុខ សរុប​ជាង១០០តោនត្រូវបានដុតបំផ្លាញចោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើការដុត​បំផ្លាញ​ទំនិញក្លែងក្លាយ​ចំនួន ១២មុខ សរុប​ជាង ១០០តោន នៅ​ភូមិច្រេស សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក តេង សាវង្ស រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ។

ទំ​និញ​ក្លែងក្លាយ​ទាំងនោះ​រួមមាន ៖ សំបក​កញ្ចប់​បារី​គ្រប់​ប្រភេទ, សំបក​សុង​បារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍​សម្ភារៈ​បម្រើឱ្យ​ការ​ផលិត​បារី, ផលិតផល​គ្រឿងសំអាង​គ្រប់​ប្រភេទ, ឧបករណ៍​សម្ភារៈ​បម្រើ​ឱ្យ​ការ​ផលិត​គ្រឿង​សំអាង, ផលិតផលធូប និងធូប​មូស។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក តេង សាវង្ស បានគូសបញ្ជាក់ថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួច លាក់ផលិតនោះគឺ ៖ ជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាក សញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង៕